ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលកូរ៉េ ខាងត្បូង សន្យាថា នឹងចាក់បញ្ចូល សាច់ប្រាក់ងាយស្រួល គ្មានដែនកំណត់ ដើម្បីធ្វើឱ្យទីផ្សារ ហិរញ្ញវត្ថុមានស្ថេរភាព

Yonyab News

សេអ៊ូល ៖ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា រដ្ឋាភិបាល នឹង ចាក់បញ្ចូលសាច់ប្រាក់ងាយស្រួលគ្មានដែនកំណត់ ទៅក្នុងទីផ្សារហិរញ្ញវត្ថុ របស់ប្រទេសកូរ៉េខាងត្បូង ប្រសិនបើចាំបាច់ ដើម្បីជួយពួកគេឱ្យមានស្ថិរភាព ប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសមិន នឹកស្មានដល់នៃច្បាប់អាជ្ញា សឹកគ្រាអាសន្ន បានបញ្ជូនរលករញ្ជួយពេញទីផ្សារហិរញ្ញវត្ថុ។

ការសន្យានេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំបន្ទាន់ នៃរដ្ឋមន្ត្រីទាក់ទងនឹងសេដ្ឋកិច្ច ដែលដឹកនាំដោយរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុលោក Choi Sang-mok ។ ប្រាក់វ៉ុនរបស់កូរ៉េ បានធ្លាក់ចុះដល់កម្រិតទាបជាច្រើនឆ្នាំ បន្ទាប់ពីប្រធានាធិបតីលោក Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ កាលពីល្ងាចថ្ងៃអង្គារ។

ក្រសួងបានឲ្យដឹងថា “រដ្ឋាភិបាលនឹងផ្តល់សាច់ប្រាក់ងាយស្រួលគ្មានដែនកំណត់ រហូតដល់ភាគហ៊ុន សញ្ញាប័ណ្ណ ការផ្តល់មូលនិធិរយៈពេលខ្លី និងទីផ្សាររូបិយប័ណ្ណបរទេសមានស្ថេរភាពពេញលេញ”។ ក្រសួងក៏បានឲ្យដឹងផងដែរថា ទីផ្សារហិរញ្ញវត្ថុ និងទីផ្សារប្តូរប្រាក់បរទេសទាំងអស់ ព្រមទាំងផ្សារហ៊ុននឹងដំណើរការជាធម្មតា។

ប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបត្រឹម ១,៤៤២ ក្នុងមួយដុល្លារក្នុងអំឡុង ពេលម៉ោងជួញដូរនៅក្រៅប្រទេស បន្ទាប់ពីការប្រកាសកាលពីល្ងាចថ្ងៃអង្គារ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីថ្ងៃទី២៥ខែតុលា ឆ្នាំ២០២២ នៅពេលដែលរូបិយប័ណ្ណ ក្នុងស្រុកបានជួញដូរនៅ ១,៤៤៤.២០ ធៀប នឹងប្រាក់ដុល្លារ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top