បរទេស ៖ មេទ័ពជើងទឹកឥណ្ឌា ឧត្តមនាវី Dinesh K. Tripathi បានទទួលស្គាល់ការពង្រីកកងទ័ពជើងទឹក “គួរឱ្យភ្ញាក់ផ្អើល” របស់ប៉ាគីស្ថាន ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ដោយលោកអះអាងថា ទីក្រុងអ៊ីស្លាម៉ាបាដ កំពុងផ្តល់អាទិភាពដល់ “អាវុធលើការឧបត្ថម្ភធន” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង New Delhi កាលពីថ្ងៃចន្ទ លោក Tripathi បានកត់សម្គាល់ពីការរីកចម្រើន យ៉ាងឆាប់រហ័សថា “យើងដឹងអំពីការរីកចម្រើន ដ៏គួរឱ្យភ្ញាក់ផ្អើលនៃកងទ័ពជើងទឹក ប៉ាគីស្ថាន។ ពួកគេមានបំណងក្លាយជាកម្លាំងកប៉ាល់ចំនួន ៥០គ្រឿង នៅទសវត្សរ៍ក្រោយ»។
លោកបានបន្តថា “ដោយមើលឃើញសេដ្ឋកិច្ច របស់ប្រទេសប៉ាគីស្ថាន វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ពីរបៀបដែលពួកគេកំពុងផលិត ឬទទួលបាននាវា និងនាវាមុជទឹកជាច្រើន” ។ លោកថា កងទ័ពជើងទឹកឥណ្ឌាកំពុងកែប្រែផែនការ ប្រតិបត្តិការរបស់ខ្លួនទៅតាមនោះ។
លោក Tripathi បន្តថា ប្រទេសប៉ាគីស្ថានបាន និងកំពុងសាងសង់នាវាចម្បាំង និងនាវាមុជទឹកដោយមានជំនួយពីចិន ដោយបង្ហាញពីចំណាប់អារម្មណ៍ របស់ចិនក្នុងការពង្រឹង កងនាវាចរប៉ាគីស្ថាន ។
លោកបានលើកឡើង ពីការសាងសង់នាវាមុជទឹក Hangor II ចំនួនប្រាំបីគ្រឿង ដែលនឹងពង្រឹងសមត្ថភាពប្រយុទ្ធរបស់ប៉ាគីស្ថាន។ នាវាមុជទឹកដំបូងបង្អស់នេះ ត្រូវបានដាក់ឱ្យដំណើរ ការនៅទីធ្លាសាងសង់នាវា Wuchang ក្នុងទីក្រុង Wuhan ប្រទេសចិនក្នុងខែមេសា ទោះបីជារបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយបានណែនាំថា ពេលវេលាសម្រាប់ការដឹកជញ្ជូន ទៅកាន់ប្រទេសប៉ាគីស្ថាន មានភាពមិនច្បាស់លាស់ ដោយសារតែការរារាំងរបស់អាល្លឺម៉ង់លើការនាំចេញ ម៉ាស៊ីនម៉ាស៊ូត ដើម្បីផ្តល់ថាមពលដល់នាវាមុជទឹក។
មេទ័ពជើងទឹកឥណ្ឌារូបនេះ បាននិយាយទៀតថា កងទ័ពជើងទឹកឥណ្ឌា “ដឹងច្បាស់” អំពីប្រតិបត្តិការរបស់កងទ័ពជើងទឹកប៉ាគីស្ថាន រួមទាំងកម្រិតនៃការដាក់ពង្រាយ ហើយត្រៀមខ្លួនដើម្បីទប់ទល់នឹង ការគំរាមកំហែងពីប្រទេសជិតខាងផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា