សេអ៊ូល ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សមាជិកសភាកូរ៉េខាងត្បូង បានជំរុញឱ្យមានចោទប្រកាន់ទៅលើលោកប្រធានាធិបតី Yoon Suk Yeol ដោយបានចោទប្រកាន់រូបគាត់ថា បានប្រកាសច្បាប់អាជ្ញាសឹក ដើម្បីបញ្ឈប់ការស៊ើបអង្កេត បទឧក្រិដ្ឋកម្មមកលើខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់តែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ការប្រកាសរបស់លោក Yoon ទៅលើច្បាប់អាជ្ញាសឹកជាលើកដំបូង របស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងរយៈពេលជាង៤ទស្សវត្ស ដែលត្រូវបានលុបចោលភ្លាមៗ ដោយសមាជិកសភា ។ ប៉ុន្តែករណីនេះបានធ្វើឱ្យប្រទេសនេះ ធ្លាក់ចូលទៅក្នុងភាពចលាចល ហើយក្រុមសម្ព័ន្ធមិត្តមានការព្រួយបារម្ភផងដែរ ។
អនាគតរបស់លោក Yoon ដែលជាអ្នក នយោបាយអភិរក្សនិយម និង ជាអតីតរដ្ឋអាជ្ញាសាធារណៈ ដែលជាប់ឆ្នោត ជាប្រធានាធិបតីនៅឆ្នាំ២០២២ ឥឡូវនេះមើលទៅមានភាពមិនច្បាស់លាស់ កាន់តែខ្លាំងឡើងហើយ ។
គេបានឃើញសមាជិកសភាបក្ស ប្រឆាំងបានលោតរបង និងប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ ដើម្បីចូលទៅក្នុងសភា និងបោះឆ្នោតទម្លាក់ ចោលច្បាប់អាជ្ញាសឹក ដែលធ្វើឡើងពេញមួយយប់ កាលពីថ្ងៃអង្គារដល់ថ្ងៃពុធ ហើយបន្ទាប់មកពួកគេ បានដាក់ញត្តិចោទ ប្រកាន់ទៅលើលោក Yoon តែម្តង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា