ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងថ្លែងទៅកាន់ប្រជាជាតិ មួយថ្ងៃបន្ទាប់ពីរដ្ឋសភា បានបណ្តេញនាយករដ្ឋមន្ត្រី

AFP

បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងថ្លែងទៅកាន់ប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍មួយថ្ងៃបន្ទាប់ពី រដ្ឋសភាបានបណ្តេញនាយករដ្ឋមន្ត្រី លោក Michel Barnier ក្នុងការបោះឆ្នោតដក សេចក្តីទុកចិត្តជាប្រវត្តិសាស្ត្រ ដែលបានទិកឱ្យប្រទេសបារាំង ដោយគ្មានរដ្ឋាភិបាលដំណើរការ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Macron ត្រូវបានគេរំពឹងថា នឹងផ្តោតលើស្ថិរភាពវិបត្តិនយោបាយ និងអាចដាក់ឈ្មោះនាយករដ្ឋមន្ត្រីថ្មី ដើម្បីដំណើរការសភាដែលបាក់បែក។

លោក Barnier បានដាក់លិខិតលាលែងពីតំណែង ជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍នៅឯវិមាន Elysée ដោយបំពេញតាមកាតព្វកិច្ចរដ្ឋធម្មនុញ្ញ។ សេចក្តីស្នើដកសេចក្តីទុកចិត្ត បានអនុម័តដោយសំឡេង ៣៣១ សំឡេងនៅក្នុងរដ្ឋសភា ដោយបង្ខំឱ្យលោក Barnier ចុះចេញពីដំណែងបន្ទាប់ពី កាន់តំណែងបានត្រឹមតែ ៣ ខែ ដែលជារយៈពេលដ៏ខ្លីបំផុតនៃនាយករដ្ឋមន្ត្រីណាមួយ នៅក្នុងប្រវត្តិសាស្ត្របារាំងសម័យទំនើប។

លោក Macron ប្រឈមមុខនឹងភារកិច្ចសំខាន់ ក្នុងការដាក់ឈ្មោះអ្នកជំនួសដែលមាន សមត្ថភាពដឹកនាំរដ្ឋាភិបាលភាគតិច នៅក្នុងសភាដែលមិនមានគណបក្ស ណាមួយទទួលបានសំឡេងភាគច្រើន។ លោក Yaël Braun-Pivet ប្រធានរដ្ឋសភា និងជាសមាជិកនៃគណបក្សរបស់លោក Macron បានជំរុញឱ្យប្រធានាធិបតីផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top