អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានបញ្ជាក់ពីការបង្កើត ក្រុមហ៊ុន Google Vietnam ជាអង្គភាពក្នុងស្រុកដែលគាំទ្រ ការបំប្លែងឌីជីថល ក្នុងប្រទេសនេះ។
នេះបើយោងតាមការប្រកាស នៅលើគេហទំព័រ របស់ខ្លួនបាននិយាយថា អ្នកផ្សាយពាណិជ្ជកម្មក្នុងប្រទេស វៀតណាមនឹងអនុវត្តនីតិវិធី ទាក់ទងនឹងពន្ធជាមួយក្រុមហ៊ុន Google Vietnam ជំនួសឲ្យក្រុមហ៊ុន Google Asia Pacific ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ ។
អ្នកនាំពាក្យរបស់ Google បានបញ្ជាក់ជាមួយប្រព័ន្ធ ផ្សព្វផ្សាយថា ឥឡូវនេះយើងមានក្រុមមួយ នៅលើមូលដ្ឋាន ដើម្បីបម្រើអតិថិជនផ្សាយពាណិជ្ជកម្ម ដែលមានមូលដ្ឋាន នៅប្រទេសវៀតណាម របស់យើងកាន់តែប្រសើរឡើង និងគាំទ្រដល់ការផ្លាស់ប្តូរ ឌីជីថលរបស់ប្រទេស ។
លោក Marc Woo នាយកគ្រប់គ្រង សម្រាប់ប្រទេសវៀតណាម និងតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយថា លោកបានផ្លាស់ប្តូរពីប្រទេសសិង្ហបុរី ទៅកាន់ទីក្រុងហូជីមិញ ជាកន្លែងការិយាល័យ ដែលមានស្លាកសញ្ញា Google ត្រូវបានបង្កើតឡើងនៅសង្កាត់ 1។ ក្រុមហ៊ុនកំពុងជ្រើសរើសបុគ្គលិកសម្រាប់មុខតំណែងជាច្រើនទាក់ទងនឹង Google Cloud, Applications និង Gaming។
យោងតាមក្រុមហ៊ុនបានឲ្យដឹងថា វៀតណាមត្រូវបាន Google ចាត់ទុកថា ជាទីផ្សារសេដ្ឋកិច្ចឌីជីថល ដែលកំពុងរីកចម្រើនយ៉ាង ឆាប់រហ័សជាប់ចំណាត់ថ្នាក់ក្នុងចំណោមកំពូលនៅអាស៊ីអាគ្នេយ៍។ អ្នកប្រើប្រាស់វៀតណាម និងរដ្ឋាភិបាលបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ AI នៅឆ្នាំនេះ។
នេះបើយោងតាមរបាយការណ៍ e-Conomy SEA 2024 ដោយ Google និងដៃគូរបស់ខ្លួនថា នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មអេឡិចត្រូនិក នឹងលេចឡើងក្នុងអត្រា ១៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំឈានដល់ ២២ ពាន់លានដុល្លារ នៃតម្លៃទំនិញសរុប ដែលជាការបង្កើន ល្បឿនកំណើន ដ៏សំខាន់ នៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេស ។
លោក Marc Woo បានបន្តថា សេដ្ឋកិច្ចឌីជីថល របស់វៀតណាម បន្តកើនឡើងក្នុងល្បឿន២ ខ្ទង់ ទោះបីជាមានភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ៕