បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីទូរទស្សន៍រដ្ឋ បានរាយការណ៍ កាលពីថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់បាន បាញ់បង្ហោះទូផ្ទុកដ៏ធ្ងន់បំផុតរបស់ខ្លួនទៅកាន់ទីអវកាស ដោយប្រើប្រាស់គ្រាប់រ៉ូក្កែត ក្នុងស្រុកដឹកជញ្ជូន Simorgh។
ការបាញ់បង្ហោះរួមមានម៉ូឌុល កម្រិតខ្ពស់ សម្រាប់ផ្ទេរផ្កាយរណប ទៅកាន់គន្លងខ្ពស់ជាងគឺ Saman-1 ក៏ដូចជាផ្កាយរណប ទំនាក់ទំនង Fakhr-1 ដែលបង្កើតឡើងដោយយោធា អ៊ីរ៉ង់ផងដែរ។
យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា យានទាំងពីរត្រូវបាន ដាក់ដោយជោគជ័យ នៅក្នុងគន្លងរាងអេលីប ដែលមានចំណុចខ្ពស់៤១០គីឡូម៉ែត្រ។
អ៊ីរ៉ង់បានប្រកាសបន្ថែមថា ទម្ងន់ដែលបានបញ្ជូន ទៅកាន់ទីអវកាស ត្រឹមតែជាង៦៦០ផោន ឬប្រមាណជា៣០០គីឡូក្រាម ដែលយ៉ាងណាក្តីវាត្រូវបានទទួលស្គាល់ថា ជាកំណត់ត្រាជាតិ សម្រាប់បន្ទុកធ្ងន់បំផុត ដែលបានបង្ហោះចូល ទៅក្នុងគន្លងអវកាស ។
គួរឲ្យដឹងដែរថាការបាញ់បង្ហោះនេះកើតឡើង នៅពេលដែលភាពតានតឹង រវាងអ៊ីរ៉ង់ និងលោកខាងលិចបាន និងកំពុងកើនឡើង ជុំវិញជម្លោះ នៅមជ្ឈិមបូព៌ា និងជុំវិញកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេហរ៉ង់ ដែលបណ្តាប្រទេស លោកខាងលិច រួមទាំងសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសបានចាត់ទុកជា ការគំរាមកំហែង ដល់សន្តិសុខអន្តរជាតិ ។
បន្ថែមលើសពីនេះ លោកខាងលិច ក៏បានចោទប្រកាន់ ទីក្រុងតេហរ៉ង់ពីការ ផ្ទេរមីស៊ីលផ្លោងទៅឱ្យរុស្ស៊ី ចំពេលមានជម្លោះជាមួយ អ៊ុយក្រែនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី