គៀវ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានប្រកាសថា កងទ័ពអ៊ុយក្រែន គ្រោងនឹងទទួលយន្តហោះដ្រូនប្រយុទ្ធ Deep Strike ជាង ៣០,០០០គ្រឿងនៅឆ្នាំក្រោយ។
លោក Umerov បានសរសេរនៅលើបណ្ដាញ Facebook ថា “យន្តហោះដ្រូនប្រយុទ្ធជំនាន់ក្រោយទាំងនេះ អាចដំណើរការដោយស្វ័យភាពក្នុងរយៈចម្ងាយឆ្ងាយ និងវាយប្រហារគោលដៅរបស់សត្រូវជាមួយនឹងភាពជាក់លាក់ខ្ពស់” ។
លោក Umerov បានកត់សម្គាល់ថា ការដឹកជញ្ជូនយន្តហោះដ្រូន គឺជាផ្នែកមួយនៃ “ផែនការភាពធន់” ដែលបានបង្ហាញកាលពីខែមុនដោយប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី។
លោកបានបន្ថែមថាផ្នែកមួយនៃយន្តហោះដ្រូនប្រយុទ្ធទាំងនេះត្រូវបានផ្តល់មូលនិធិដោយដៃគូអន្តរជាតិដែលបានវិនិយោគនៅក្នុងឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន។
កាលពីដើមឆ្នាំនេះ មន្ត្រីអ៊ុយក្រែនបានគូសបញ្ជាក់ពីផែនការផលិតនៅឆ្នាំ២០២៤ រវាងយន្តហោះដ្រូន FPV ពី ១លានទៅ ២លានគ្រឿង យន្តហោះដ្រូនចម្ងាយមធ្យមប្រហែល ១០,០០០ គ្រឿង និងយន្តហោះដ្រូនប្រយុទ្ធចម្ងាយឆ្ងាយជាង ១,០០០ គ្រឿង៕
ប្រែសម្រួល ឈូក បូរ៉ា