ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ធនធានមនុស្ស វិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន សហការជាមួយសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន និង សាកលវិទ្យាល័យធនធានមនុស្ស បានរួមគ្នារៀបចំកិច្ចពិភាក្សាចាក់បញ្ចាំងភាពយន្តឯកសារ”កំណប់ប្រទេសចិន” សម្រាប់ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និង ប្រជាជនកម្ពុជា-ចិន ដើម្បីរួមគ្នាទស្សនា ពន្លឺនៃវប្បធម៌ សន្ទនាអំពីមិត្តភាពកម្ពុជា-ចិន ។

លោកស្រី XU XIAOXIA (អារុណ)ប្រធានផ្នែកភាសាខ្មែរនៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានមានប្រសាសន៍ថា ក្នុងឆ្នាំដែលជាឆ្នាំផ្លាស់ប្ដូរ ប្រជាជននិងប្រជាជននេះ វិទ្យុមិត្តភាពកម្ពុជាចិនបានផ្សាយចេញជាពិសេស ភាពយន្តឯកសារ “កំណប់ប្រទេសចិន” ដោយប្រើប្រាស់រូបភាព ចក្ខុវិញ្ញាណសំបូរបែបបង្ហាញយ៉ាងរស់រវើកអំពីប្រវត្តិសាស្ត្រយូរលង់ វប្បធម៌ដ៏ផូរផង់ និង ទំនៀមទម្លាប់ប្រពៃណីពហុបែបរបស់ប្រទេសចិន។ តាមរយៈទម្រង់បង្ហាញប្រកបដោយភាពរស់រវើក កម្មវិធីទាំងនេះអាចជួយពួកយើង កាន់តែអាចស្វែងយល់អំពីទស្សនៈគុណតម្លៃ និង ជីវភាពរស់នៅរវាងគ្នាទៅវិញទៅមក ។

លោកបណ្ឌិតជាមុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានឡើងថ្លែងចែករំលែកនូវចំណេះដឹងស្តីពីប្រទេសចិន និងគន្លឹះមួយចំនួន ដែលជំរុញឱ្យអ្នកចូលរួមទាំងអស់ បានស្វែងយល់ពីប្រទេសចិនកាន់តែស៊ីជម្រៅ ដើម្បីបន្ស៊ីជាមួយវប្បធម៌អរីយធម៌ប្រទេសកម្ពុជា ។ ជាពិសេសរួមគ្នាកសាងជោគវាសនារួមកម្ពុជា ។

លោកបណ្ឌិត ឈុន ណុច សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យធនធានមនុស្ស បានចាត់ទុកព្រឹត្តិការណ៍នេះ បានផ្តល់ នូវគុណតម្លៃដល់ការសិក្សា របស់និស្សិត នៅសាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជាយុវជនផ្សេងទៀត បានស្វែងយល់ពីប្រទេសចិន និងទទួលបានចំណេះដឹងថ្មីៗ ។

លោកបញ្ជាក់ថា តាមរយៈវីដេអូចាក់បញ្ចាំងនេះ បានរំលេចឱ្យឃើញពីប្រពៃណីវប្បធម៌របស់ចិន និងវប្បធម៌ របស់កម្ពុជា។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្ត ឱ្យសិស្សនិស្សិតត្រូវខិតខំរៀនសូត្រ ដើម្បីចាប់យកឱកាសទៅបន្តការសិក្សានៅប្រទេសចិនរួមចំណែកក្នុងរង្វង់ នៃកិច្ចសហការផ្លាស់ប្តូរធនធានមុនស្សរវាងកម្ពុជា-ចិន ដោយផ្តោតលើការសិក្សាភាសាចិន ជាអាទិភាពផងដែរ ។

និស្សិត និងយុវជនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញការសប្បាយរីករាយ និងចាត់ទុកថា បានទទួលនូវចំណេះដឹង កាន់តែស៊ីជម្រៅរវាងទំនាក់ទំនងកម្ពុជាចិន៖
តាមរយៈសារជូនពរ ជូនចំពោះ វិទ្យុមិត្តភាពកម្ពុជាចិន ក្នុងឱកាស កិច្ចពិភាក្សាស្តីពីកម្មវិធីវីដេអូឯកសារ «កំណប់ប្រទេសចិន»នេះ ឯកឧត្តមហង់ ជួន ណារុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាមនប្រសាសន៍ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្តល់ឱកាសដល់មិត្តកម្ពុជាបានស្វែងយល់កាន់តែស៊ីជម្រៅអំពីទំនៀមទម្លាប់ និងប្រពៃណីចិន ថែមទាំងបានបន្ថែមខ្លឹមសារថ្មីក្នុងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសកម្ពុជានិងប្រទេសចិន ក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕




