បរទេស៖ រដ្ឋអាជ្ញារបស់ប្រទេស កូរ៉េខាងត្បូង បានចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun កាលពីថ្ងៃអាទិត្យ ចំពេលមានការស៊ើបអង្កេតលើការចោទប្រកាន់ពីបទក្បត់ជាតិ បន្ទាប់ពីប្រធានាធិបតី Yoon Suk-yeol ប្រកាសច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុន។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការិយាល័យស៊ើបអង្កេតពិសេស ដែលស៊ើបអង្កេតភាពចលាចលនយោបាយបាននិយាយថា ខ្លួនបានចាប់ខ្លួនលោក Kim និងរឹបអូសទូរស័ព្ទដៃរបស់គាត់។ លោក Kim ត្រូវបានគេនាំទៅកាន់មណ្ឌលឃុំឃាំងមួយភាគខាងកើតទីក្រុងសេអ៊ូល។
ការចាប់ខ្លួនរបស់គាត់បានកើតឡើងប្រហែលប្រាំមួយម៉ោងបន្ទាប់ ពីគាត់បានបង្ហាញខ្លួនសម្រាប់ការសួរចម្លើយពេញមួយយប់ដោយការិយាល័យស៊ើបអង្កេតពិសេស ដោយនិយាយថា លោកនឹងសហការយ៉ាងសកម្មជាមួយនឹងការស៊ើបអង្កេតដែលកំពុងបន្ត។
លោក Kim បានស្នើច្បាប់អាជ្ញាសឹកដល់ប្រធានាធិបតី Yoon Suk-yeol ដែលបានប្រកាសកាលពីល្ងាចថ្ងៃអង្គារ ចំពេលមានការជាប់គាំងនយោបាយកាន់តែស៊ីជម្រៅជាមួយរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។ ប្រធានាធិបតី បានច្រានចោលការបញ្ជានេះ ប្រាំមួយម៉ោងបន្ទាប់ពីសភាបាន បោះឆ្នោតបញ្ចប់វា ។
លោក Kim បានស្នើឱ្យលាលែងពីតំណែងហើយ លោក Yoon បានទទួលយកវាកាលពីថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួលៈ ណៃ តុលា