AMMAN៖ នៅថ្ងៃអាទិត្យនេះ ក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី បានប្រកាសពីការបណ្តេញលោកប្រធានាធិបតី Bashar al-Assad ក្រោយពីដណ្តើមបានការគ្រប់គ្រងទីក្រុងដាម៉ាស់ ដោយបង្ខំឱ្យរូបគាត់ភៀសខ្លួន និងបញ្ចប់ការគ្រប់គ្រងជាច្រើនទសវត្សរ៍របស់គ្រួសារគាត់ បន្ទាប់ពីសង្គ្រាមស៊ីវិលជាង១៣ឆ្នាំនៅក្នុងគ្រារញ្ជួយដីនៅមជ្ឈិមបូព៌ា ។
ក្រុមឧទ្ទាមក៏បានវាយលុកយ៉ាងខ្លាំងផងដែរចំពោះឥទ្ធិពលរបស់ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់នៅក្នុងបេះដូងនៃតំបន់ ដែលជាសម្ព័ន្ធមិត្តសំខាន់ៗដែលបានគាំទ្រលោក Assad នៅក្នុងអំឡុងពេលដ៏សំខាន់នៅក្នុងជម្លោះ ។
ទូរទស្សន៍ Press TV ជាភាសាអង់គ្លេសរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ស្ថានទូតរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានក្រុមឧទ្ទាមស៊ីរី សម្រុកចូល បន្ទាប់ពីពួកគេដណ្តើមបានទីក្រុង ដាម៉ាស់ ។
បញ្ជាការកងទ័ពស៊ីរី បានជូនដំណឹងដល់មន្រ្តីកាលពីថ្ងៃអាទិត្យថា ការគ្រប់គ្រងរបស់លោក Assad បានបញ្ចប់ហើយ មន្ត្រីស៊ីរីម្នាក់ដែលត្រូវបានជូនដំណឹងអំពីការផ្លាស់ប្តូរនេះបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters ។
ប៉ុន្តែក្រោយមក យោធាបានលើកឡើងថា ខ្លួនកំពុងបន្តប្រតិបត្តិការប្រឆាំងនឹង “ក្រុមភេរវករ” នៅក្នុងទីក្រុងសំខាន់ៗនៅ Hama និង Homs និងនៅតំបន់ជនបទ Deraa ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា