ព័ត៌មានអន្តរជាតិ

ជនភៀសខ្លួន អាហ្វហ្គានីស្ថាន ចំនួនជិត ១លាននាក់ បានធ្វើមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេស វិញពីអ៊ីរ៉ង់ ប៉ាគីស្ថាន និងតួកគី

Xinhua

កាប៊ុល៖ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកឈ្មោះថា TOLOnews បានរាយការណ៍ឲ្យដឹង នៅថ្ងៃអាទិត្យនេះថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានសរុបចំនួន៩៧០.០០០នាក់ បានវិលត្រឡប់ទៅកាន់មាតុភូមិ ប្រទេសរបស់ពួកគេវិញ គឺមកពីប្រទេសអ៊ីរ៉ង់ ប៉ាគីស្ថាន និងតួកគីវិញ គិតក្នុងរយៈពេល៨ខែកន្លងមកនេះ ។

ប្រព័ន្ធផ្សព្វផ្សាយបាន ដកស្រង់សម្តីលោក Abdul Mutalib Haqqani អ្នកនាំពាក្យក្រសួងជនភៀសខ្លួន និងធ្វើមាតុភូមិនិវត្តន៍ថា “ក្នុងចំណោមពួកគេ ប្រហែល៨៨.០០០នាក់ មកពីប្រទេសប៉ាគីស្ថាន ប្រហែល៥.០០០នាក់ មកពីប្រទេសតួកគី និងនៅសល់ប៉ុន្មាននាក់ទៀត គឺបានពីប្រទេសអ៊ីរ៉ង់” ។

យោងតាមទិន្នន័យផ្លូវការ ដែលចេញផ្សាយ ដោយក្រសួងខាងលើ ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ប្រហែល៧លាននាក់ កំពុងរស់នៅក្រៅប្រទេស ដោយពួកគេភាគ ច្រើននៅក្នុងប្រទេសប៉ាគីស្ថាន និងអ៊ីរ៉ង់ដែលជាប្រទេស ជិតខាងរបស់អាហ្វហ្គានីស្ថាន ។

រដ្ឋាភិបាលប្រចាំការ អាហ្វហ្កានីស្ថាន បានជំរុញម្តងហើយម្តងទៀត ឲ្យជនភៀសខ្លួនអាហ្វហ្គានីស្ថាន ឈប់រស់នៅក្រៅប្រទេសក្នុងនាមជាជនភៀសខ្លួន ហើយវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់ខ្លួនវិញ ដើម្បីរួមចំណែកដល់ការកសាងប្រទេសឡើងវិញ ដែលរងគ្រោះដោយសារសង្រ្គាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top