បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា អនាគតនៃប្រទេសស៊ីរីគួរតែត្រូវបានកំណត់ដោយប្រជាជនរបស់ ខ្លួនដោយគ្មានការជ្រៀតជ្រែកពីបរទេស ហើយបានសម្តែងក្តីសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តទៅមុខទៀត។
កាលពីថ្ងៃអាទិត្យ ក្រុមជីហាដបានចូលកាន់កាប់រដ្ឋធានីដាម៉ាសរបស់ស៊ីរីជាស្ថាពរ ដោយបញ្ចប់ការគ្រប់គ្រងរយៈពេល ២៤ ឆ្នាំរបស់ប្រធានាធិបតី Bashar Assad។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ទីក្រុងតេហរ៉ង់បានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដោយផ្អែកលើដំណោះស្រាយ ២២៥៤របស់អង្គការសហប្រជាជាតិ ដើម្បីជំរុញដំណើរការនយោបាយនៅក្នុងប្រទេសស៊ីរី។
ក្រុមមន្ត្រីបានអំពាវនាវឱ្យបញ្ចប់ជម្លោះយោធា អំពើភេរវកម្មឱ្យឆាប់ត្រូវបានរារាំង និងការពិភាក្សាដើម្បីចាប់ផ្តើមពាក់ព័ន្ធនឹងគ្រប់ផ្នែកទាំងអស់នៃសង្គមស៊ីរីដើម្បីបង្កើតរដ្ឋាភិបាលមួយ។
ក្នុងនោះផងដែរប្រទេសអ៊ីរ៉ង់ក៏បានជំរុញឱ្យធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងអស់ និងការពារទីតាំងសាសនា និងបេសកកម្មការទូត ស្របតាមច្បាប់អន្តរជាតិ។ នៅព្រឹកថ្ងៃអាទិត្យនេះ វីដេអូឃ្លីបមួយបានលេចចេញឡើង ដែលបង្ហាញពីការលួចប្លន់ បង្កការបំផ្លិចបំផ្លាញនៅស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស បន្ទាប់ពីការដណ្តើមកាន់កាប់រដ្ឋធានីស៊ីរី ដោយពួកជីហាដ៕
ប្រែសម្រួល៖ស៊ុនលី