សេអ៊ូល៖ មេដឹកនាំគណបក្សកាន់អំណាចបានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នឹងមិនចូលរួមក្នុងការងាររដ្ឋាភិបាលមុនការលាលែងពីតំណែងដែលជិតមកដល់របស់លោកនោះទេ មួយថ្ងៃបន្ទាប់ពីការប៉ុនប៉ងដឹកនាំដោយក្រុមប្រឆាំង ដើម្បីចោទប្រកាន់លោក ចំពោះការប្រកាសច្បាប់អាជ្ញាសឹករបស់លោក ដែលបានបរាជ័យកាលពីដើមសប្ដាហ៍មុ។
មេដឹកនាំគណបក្សអំណាចប្រជាជន លោក Han Dong Hoon បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សូម្បីតែមុនពេលលោកលាលែងពីតំណែងក៏ដោយ ក៏ប្រធានាធិបតី នឹងមិនជាប់ពាក់ព័ន្ធក្នុងកិច្ចការរដ្ឋ រួមទាំងការទូតផងដែរ” ។ លោកថា លោកនឹងមើលការខុសត្រូវលើកិច្ចការជាតិ ក្នុងការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីលោក Han Duck Soo ។
នាយករដ្ឋមន្ត្រីដែលបានបង្ហាញខ្លួនជាមួយប្រធានបក្សបានសង្កត់ធ្ងន់ថា ការរក្សាសម្ព័ន្ធភាពរឹងមាំជាមួយសហរដ្ឋអាមេរិក និងការពង្រឹងទំនាក់ទំនងត្រីភាគីដែលពាក់ព័ន្ធនឹងប្រទេសជប៉ុន គឺជាកិច្ចការ “សំខាន់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ការកត់សម្គាល់នេះបានកើតឡើងចំពេលមានការព្រួយបារម្ភនៅក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិកថា ភាពចលាចលនយោបាយដែលកំពុងបន្តនៅក្នុងប្រទេសកូរ៉េខាងត្បូងអាចគំរាមកំហែងដល់ការកែលម្អទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល និងការរីកចំរើនក្នុងកិច្ចសហប្រតិបត្តិការត្រីភាគី។
នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា ប្រទេសជប៉ុនបាននឹងកំពុងតាមដានស្ថានការណ៍នៅក្នុងប្រទេសកូរ៉េខាងត្បូង “ដោយមានការផ្ដោតអារម្មណ៍ជាពិសេស និងហ្មត់ចត់”។ លោកបានប្រាប់អ្នកយកព័ត៌មានថា “កូរ៉េខាងត្បូងគឺជាអ្នកជិតខាងដ៏មានតម្លៃ និងសំខាន់សម្រាប់ប្រទេសរបស់យើង។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា” ។
ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលមានភាពប្រសើរឡើងក្រោមការគ្រប់គ្រងបែបអភិរក្សដែលដឹកនាំដោយលោក Yoon ដែលបានចូលកាន់តំណែងក្នុងឆ្នាំ២០២២ ដោយរដ្ឋាភិបាលកូរ៉េខាងត្បូងបានស្នើសុំដំណោះស្រាយចំពោះជម្លោះបន្លាចលើសំណងពលកម្មក្នុងសម័យសង្គ្រាមកាលពីឆ្នាំមុន៕
ប្រែសម្រួល ឈូក បូរ៉ា