ព័ត៌មានអន្តរជាតិ

លោកLi Qiang នាយករដ្ឋមន្រ្តីចិន ធ្វើកិច្ចប្រជុំសន្ទនា “១+១០” ជាមួយអ្នកទទួលខុសត្រូវ នៃអង្គការសេដ្ឋកិច្ច អន្តរជាតិធំៗ

នាថ្ងៃទី ៩ ខែធ្នូ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានបើកធ្វើកិច្ចប្រជុំសន្ទនា “១+១០” ជាមួយប្រធានធនាគារអភិវឌ្ឍន៍ថ្មី ប្រធានធនាគារពិភពលោក ប្រធានមូល និធិរូបិយវត្ថុអន្តរជាតិ អគ្គនាយកអង្គការ ពាណិជ្ជកម្មពិភពលោក និងអ្នកទទួល ខុសត្រូវ នៃអង្គការ សេដ្ឋកិច្ចអន្តរជាតិធំៗ ជាច្រើននៅ សណ្ឋាគាររដ្ឋ Diaoyutai នៅទីក្រុងប៉េកាំង ដើម្បីធ្វើការផ្លាស់ប្តូរ មតិយោបល់ យ៉ាងស៊ីជម្រៅជុំវិញប្រធានបទ “ប្រមូលផ្តុំគំនិតឯកភាពរួមស្តីពីការអភិវឌ្ឍ ជំរុញវិបុលភាពរួមសកល” ។

លោក Li Qiang បានលើកឡើងថា ភាគីទាំងអស់គួរតែផ្តោត ការយកចិត្តទុកដាក់បន្ថែមទៀត លើការអភិវឌ្ឍ រួមគ្នាបង្ក បរិយាកាស អភិវឌ្ឍន៍ប្រកប ដោយសន្តិភាព និងស្ថិរភាព លើកកម្ពស់កម្រិត អភិបាលកិច្ចសកល រក្សាស្ថិរភាពនិងភាពរលូន នៃខ្សែសង្វាក់ផលិតកម្ម និង ខ្សែសង្វាក់ផ្គត់ផ្គង់សកល ព្រមទាំងពូនជ្រំកម្លាំងចលករថ្មី សម្រាប់កំណើនសេដ្ឋកិច្ច។

អ្នកទទួលខុសត្រូវ នៃអង្គការសេដ្ឋកិច្ច អន្តរជាតិនានា បានកោតសរសើរខ្ពស់ ចំពោះសមិទ្ធផលដ៏អស្ចារ្យ របស់ប្រទេសចិន ក្នុងការអភិវឌ្ឍ ដោយបានថ្លែងថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែបន្តមាននិន្នាការល្អប្រសើរ ប្រកាន់ខ្ជាប់នូវការ បើកចំហ ចំពោះក្រៅប្រទេសក្នុងកម្រិតខ្ពស់ ក៏ដូចជាចាក់បញ្ចូលស្ថិរភាពដ៏មានតម្លៃ និងកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក តំណាងគ្រប់រូបមាន ទំនុកចិត្តយ៉ាងខ្លាំង ចំពោះការធ្វើបរិវត្តកម្មនិង អនាគតនៃសេដ្ឋកិច្ចចិន។

បណ្តាភាគីនានាមានឆន្ទៈ ក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការ ជាមួយប្រទេសចិន រួមគ្នាគាំពារពហុភាគីនិយម និងដំណើរ ការសកល ភាវូបនីយកម្ម ផ្តល់អាទិភាពចំពោះការអភិវឌ្ឍ ប្រកាន់ខ្ជាប់ នូវពាណិជ្ជកម្មសេរី បង្កើនការគាំទ្រដល់ ប្រទេសកំពុងអភិវឌ្ឍន៍ ឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រឈមជា សកលផ្សេងទៀត ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ប្រកបដោយបរិយាបន្ន សំដៅជំរុញវិបុលភាពរួម និងការអភិវឌ្ឍប្រកបដោយចីរភាព៕

To Top