បរទេស៖ គណបក្ស United Thai Nation Party (UTN) និងគណបក្សប្រឆាំង Palang Pracharat Party (PPRP) ដែលជាគណបក្សស្ថិតនៅក្នុងសម្ព័ន្ធចម្រុះ បានសម្តែងការជំទាស់ ចំពោះសេចក្តីស្នើច្បាប់ ដែលព្រាងដោយសមាជិកសភា នៃគណបក្សភឿថៃដែលកំពុងកាន់អំណាច ក្នុងគោលបំណង ទប់ស្កាត់ការធ្វើរដ្ឋប្រហារ យោធានាពេលអនាគត។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សមាជិកសភាមកពី គណបក្ស UTN និងជាអ្នកនាំពាក្យលោក Akradet Wongpitakroj បាននិយាយ កាលពីថ្ងៃអង្គារថា គណបក្សនេះ បានជំទាស់ នឹងច្បាប់ណាមួយដែលនឹងអនុញ្ញាតឱ្យអ្នកនយោបាយ ធ្វើអន្តរាគមន៍ក្នុងកិច្ចការ របស់ក្រសួងការពារជាតិ។ កន្លងមក ខ្លួនបានជំទាស់នឹង សេចក្តីព្រាងច្បាប់នេះ ដែលស្នើឡើងដោយគណបក្ស Move Forward ចាប់តាំងពីត្រូវបានរំលាយ។
លោក Akradet បាននិយាយថា “រាល់ការផ្លាស់ប្តូរ ចំពោះបទប្បញ្ញត្តិ របស់ក្រសួងការពារជាតិ គឺត្រូវតែគិតគូរយ៉ាង យកចិត្តទុកដាក់។ កងកម្លាំងប្រដាប់អាវុធ គឺជាស្ថាប័នជាតិដ៏សំខាន់ ដែលសន្តិសុខមានការព្រួយបារម្ភ។ លោកបានសំដៅលើវិសោធនកម្មច្បាប់រដ្ឋបាល ក្រសួងការពារជាតិ ដែលព្រាងដោយសមាជិកសភាមកពីគណបក្សភឿថៃ លោក Prayut Siripanich ។
ចំណែកអ្នកនាំពាក្យគណបក្ស PPRP លោក Piya Tavichai បាននិយាយថា ច្បាប់នេះនឹងធ្វើឱ្យខូចដល់វិស័យយោធា និងនាំឱ្យមានការរំលោភបំពានផ្នែកនយោបាយ ដល់កងកម្លាំងប្រដាប់អាវុធ ។ អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «ដូច្នេះគណបក្ស PPRP កំពុងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីរារាំងសេចក្តីព្រាងច្បាប់នេះ ៕
ប្រែសម្រួលៈ ណៃ តុលា