សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍ថា អតីតរដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង លោក Kim Yong-hyun ត្រូវបានចាប់ខ្លួនជាផ្លូវការនៅថ្ងៃពុធនេះ ពីបទបះបោរពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹក របស់ប្រធានាធិបតីលោក Yoon Suk-yeol ។
តុលាការក្រុងសេអ៊ូល បានចេញដីកាចាប់ខ្លួនជាផ្លូវការ សម្រាប់រូបលោក ដែលត្រូវបានឃុំខ្លួនរួចហើយចាប់តាំងពីថ្ងៃអាទិត្យ បន្ទាប់ពីរដ្ឋអាជ្ញា បានចោទប្រកាន់ លោកថាបានចូលរួមក្នុងសកម្មភាព “សំខាន់” ក្នុងការបះបោរ និងរំលោភអំណាច របស់លោក ដើម្បីរារាំងការអនុវត្តសិទ្ធិនៅពេល ដែលច្បាប់អាជ្ញាសឹក ត្រូវបានដាក់ឱ្យដំណើរការ។
តុលាការបានផ្តល់សំណើ របស់អយ្យការក្នុងការចាប់ខ្លួនលោក ដោយថា វាមានការព្រួយបារម្ភថាលោកនឹងបំផ្លាញភស្តុតាង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
អតីតមេការពារក្តី បានលើកលែងសវនាការ នៅថ្ងៃអង្គារដើម្បីពិនិត្យ មើលដីកាចាប់ខ្លួន។
នៅក្នុងនោះដែរប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ត្រូវបានកំណត់រួចហើយ ក្នុងនាមជាជនសង្ស័យ និងហាមមិនឱ្យលោកធ្វើដំណើរ ទៅបរទេសនោះឡើយ។
នៅក្រោមច្បាប់ ខណៈដែលប្រធានាធិបតីភាគ ច្រើនមានអភ័យឯកសិទ្ធិ ពីការកាត់ទោស ក្នុងពេលកាន់តំណែងនោះ វាមិនពង្រីកដល់ការចោទ ប្រកាន់ពីបទបះបោរ ឬក្បត់ជាតិនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា