បរទេស៖ ប្រធានស្ថាប័នស៊ើបអង្កេតអំពើពុករលួយ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា ការិយាល័យរបស់លោក នឹងស្វែងរកការឃុំខ្លួន ឬចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol ប្រសិនបើលក្ខខណ្ឌត្រូវបានបំពេញ ខណៈដែលការស៊ើបអង្កេត បន្តចូលទៅក្នុងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី របស់លោកកាលពីសប្តាហ៍មុន ដែលបានបង្កឱ្យមាន កំហឹងនៅក្នុងប្រទេស។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានដកស្រង់សម្តីលោក Oh Dong Woon ប្រធានការិយាល័យស៊ើបអង្កេត អំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ថា “ប្រសិនបើស្ថានការណ៍អនុញ្ញាត យើងនឹងព្យាយាមចាប់ខ្លួនជាបន្ទាន់ ឬការចាប់ខ្លួនដោយផ្អែក លើដីការបស់តុលាការ” ។
ការកត់សម្គាល់នេះ បានកើតឡើងនៅពេលដែលក្រុមអ្នកស៊ើបអង្កេតប៉ូលីសបានឆ្មក់ចូលការិយាល័យរបស់ប្រធានាធិបតី និងទីស្នាក់ការប៉ូលីសនៅថ្ងៃតែមួយ ដែលជាផ្នែកមួយ នៃការស៊ើបអង្កេតលើលោក Yoon ជុំវិញការដាក់ច្បាប់អាជ្ញាសឹក, នេះបើយោងតាមសារព័ត៌មាន Yonhap ។
Yonhap ក៏បានរាយការណ៍ផងដែរថា អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ Kim Yong Hyun ដែលត្រូវបានគេសង្ស័យថាបានឃុបឃិតជាមួយការអំពាវនាវរបស់ Yoon នៃច្បាប់អាជ្ញាសឹក គឺបានប៉ុនប៉ងធ្វើអត្តឃាត នៅឯមន្ទីរឃុំឃាំងក្នុងទីក្រុងសេអ៊ូល៕
ប្រែសម្រួលៈ ណៃ តុលា