យេរ៉ូសាឡឹម៖ កាលពីថ្ងៃអង្គារ លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានផ្តល់សក្ខីកម្មជាលើកដំបូង នៅក្នុងការកាត់ក្តីពាក់ព័ន្ធនឹងរឿងពុករលួយជាយូរមកហើយរបស់គាត់ ដែលជាពេលវេលាដ៏សំខាន់មួយនៅក្នុងសំណុំរឿងនេះ ខណៈដែលរូបគាត់គ្រប់គ្រងសង្រ្គាមនៅតំបន់ហ្គាហ្សា និងប្រឈមមុខនឹងដីកាចាប់ខ្លួនអន្តរជាតិផងដែរពីបទឧក្រិដ្ឋកម្មសង្រ្គាម ។
លោក ណេតាន់យ៉ាហ៊ូ ប្រឈមមុខនឹងការចោទប្រកាន់ពីបទស៊ីសំណូក ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្តផងដែរ ។ យោងតាមការចោទប្រកាន់ដែលបានដាក់ចេញកាលពីជាង៥ឆ្នាំមុន គាត់ត្រូវបានចោទប្រកាន់ពីបទជំរុញឱ្យមានបទប្បញ្ញត្តិអំណោយផលសម្រាប់មហាសេដ្ឋីទូរគមនាគមន៍ ជាថ្នូរនឹងការផ្សាយព័ត៌មានវិជ្ជមានអំពីខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់ ។ គាត់ក៏ត្រូវបានគេចោទប្រកាន់ថា បានទទួលយកអំណោយដ៏ប្រណិត រួមទាំងស៊ីហ្គា និងស្រាសំប៉ាញដែលមានតម្លៃរាប់ម៉ឺនដុល្លារពីផលិតករហូលីវូដ ដែលជាមហាសេដ្ឋីជាថ្នូរនឹងការជួយក្នុងរឿងផ្ទាល់ខ្លួនទៀតផង ។
លោក ណេតាន់យ៉ាហ៊ូ បានមកដល់តុលាការក្រុង Tel Aviv នៅម៉ោងប្រហែល១០និង០០នាទីព្រឹក ជាកន្លែងដែលគាត់ត្រូវបានជួបដោយក្រុមបាតុករ និងអ្នកគាំទ្រចម្រុះផងដែរ ។ អ្នកខ្លះបានសម្តែងការគាំទ្រ ខណៈអ្នកខ្លះទៀតបានជំរុញ ឱ្យលោកបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាឱ្យមានការដោះលែង ចំណាប់ខ្មាំងប្រមាណ១០០នាក់ ដែលនៅតែឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា ។ គេក៏ឃើញមានវត្តមាន រដ្ឋមន្ត្រីជាច្រើនរូប និងសមាជិកសភា ដែលឆ្លើយតបទៅនឹងការហៅទូរស័ព្ទពីការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ កាលពីយប់មុនក៏បានចូលរួមដើម្បីបង្ហាញការគាំទ្រផងដែរ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា