បរទេស៖ អ្នកនយោបាយរុស្ស៊ីលោក Dmitry Kuznetsov បាននិយាយថា អតីតមេដឹកនាំស៊ីរីដែលនិរទេសខ្លួនលោក Bashar Assad គួរតែរួមចំណែកដល់ការកសាងឡើងវិញនូវទីក្រុងរុស្ស៊ីដែលរងការខូចខាតអំឡុងពេលមានជម្លោះជាមួយអ៊ុយក្រែន។ លោកបានបន្ថែមថា លោក Assad អាចនឹងត្រូវបានផ្តល់សញ្ជាតិរុស្ស៊ី ផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Assad ដែលគ្រប់គ្រងប្រទេសស៊ីរីអស់រយៈពេលជិត ២៥ ឆ្នាំ ត្រូវបានផ្ដួលរំលំនៅដើមខែនេះ នៅពេលដែលក្រុមចម្រុះនៃក្រុមប្រឆាំងប្រដាប់អាវុធគ្រប់គ្រងដោយពួកអ៊ីស្លាមមកពី Hayat Tahrir al-Sham (HTS) បានដណ្តើមកាន់កាប់ទីក្រុង Damascus ក្នុងការវាយលុកដ៏លឿនមួយ។
យោងតាមវិមានក្រឹមឡាំង លោក Bashar Assad និងក្រុមគ្រួសារត្រូវបានផ្តល់សិទ្ធិជ្រកកោននៅក្នុងប្រទេសរុស្ស៊ី។ លោកមិនបានបង្ហាញខ្លួនជាសាធារណៈ ឬចេញសេចក្តីថ្លែងការណ៍ឡើយ ចាប់តាំងពីការដួលរលំនៃរដ្ឋធានីស៊ីរីកាលពីថ្ងៃអាទិត្យ។ វាមិនច្បាស់ថា លោកគ្រោងនឹងធ្វើអ្វីបន្ទាប់នោះទេ។
លោក Kuznetsov ដែលនៅគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់សភាបានប្រាប់ Gazeta.Ru កាលពីថ្ងៃព្រហស្បតិ៍ថា៖ “ខ្ញុំជឿថា Bashar Assad និងគ្រួសាររបស់គាត់អាចក្លាយជាអ្នកឧបត្ថម្ភចំពោះតំបន់ Donbass ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ហើយអាចផ្លាស់ទៅផ្ទះមួយក្នុងទីក្រុង Mariupol” ។
ទីក្រុងកំពង់ផែសមុទ្រខ្មៅ Mariupol ដែលបច្ចុប្បន្នជាផ្នែកមួយនៃសាធារណៈរដ្ឋប្រជាមានិត Donetsk របស់រុស្ស៊ី ត្រូវបានទាហានរុស្ស៊ីរឹបអូសនៅឆ្នាំ ២០២២ បន្ទាប់ពីការឡោមព័ទ្ធរយៈពេលបីខែ។ អាជ្ញាធររុស្ស៊ីកំពុងដំណើរការសាងសង់ទីក្រុងឡើងវិញ៕
ប្រែសម្រួលៈ ណៃ តុលា