ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ខ្លួនបានអនុម័តប្រាក់កម្ចីផ្អែកលើលទ្ធផលចំនួន៧៨៨.៨លានដុល្លារសហរដ្ឋអាមេរិក ដល់រដ្ឋ Andhra Pradesh របស់ប្រទេសឥណ្ឌា ដើម្បីជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋធានី Amaravati របស់ខ្លួន ។
ធនាគារ ADB បានបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ទីក្រុង រួមបញ្ចូល និងនិរន្តរភាពរដ្ឋធានី Amaravati ត្រូវបានរៀបចំឡើងដើម្បីប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលកំណើនសម្រាប់តំបន់ លើកកម្ពស់ទស្សនវិស័យសេដ្ឋកិច្ច ការផ្តល់ឱកាសការងារ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ។
ធនាគារខាងលើបានឲ្យដឹងទៀតថា ការវិនិយោគសាធារណៈនឹងផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ អគាររដ្ឋាភិបាល និងហេដ្ឋារចនាសម្ព័ន្ធសង្កាត់ ផ្តល់អត្ថប្រយោជន៍ដល់កសិករ ដែលជាភាគីពាក់ព័ន្ធក្រោមគម្រោងរៀបចំដី ។
គួរបញ្ជាក់ថា កម្មវិធីនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងបៃតង សេវាទឹក និងអនាម័យ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកាបូនទាប និងកែលម្អប្រព័ន្ធលូ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា