បរទេស៖ ផែនការដែលជំរុញដោយរដ្ឋ Kelantan របស់ប្រទេសម៉ាឡេស៊ី ក្នុងការសង់ជញ្ជាំងនៅតាមព្រំដែនជាមួយខេត្ត Narathiwat របស់ប្រទេសថៃ បានជួបនឹងភាពរអាក់រអួល ខណៈដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី មិនបានបង្ហាញពីការសាទរចំពោះរឿងនេះ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី Saifuddin Nasution Ismail បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជញ្ជាំងដែលបានស្នើឡើងនឹងមានតម្លៃថ្លៃ ក្នុងការសាងសង់ និងទៅលើការថែទាំ។
លោក Saifuddin Nasution Ismail ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Bernama ថា “របងនេះមានតម្លៃថ្លៃ ហើយការថែទាំរបស់វាក៏ថ្លៃផងដែរ” ។
សូមជម្រាបថា ប្រទេសថៃ និងម៉ាឡេស៊ី បានសាងសង់ជញ្ជាំង និងរបងបេតុង នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែនគោកនៃប្រទេសទាំងពីរ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ចលនាទំនិញខុសច្បាប់ និងឧក្រិដ្ឋកម្មផ្សេងៗ។
កាលពីខែមុន រដ្ឋ Kelantan បានស្នើសាងសង់ជញ្ជាំងប្រវែង ១០០គីឡូម៉ែត្រនៅលើច្រាំងទន្លេ Golok ប្រទេសម៉ាឡេស៊ី ទល់មុខនឹងខេត្ត Narathiwat របស់ថៃ ចំពេលមានការមិនសប្បាយចិត្ត កាន់តែខ្លាំងឡើងអំពីការឆ្លងកាត់ខុសច្បាប់ និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងទៀត។ ប៉ុន្តែលោក Saifuddin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ពេលវេលាបានផ្លាស់ប្តូរ” ហើយគំនិតនៃការសាងសង់ជញ្ជាំង កំពុងក្លាយជាហួសសម័យ។
សំណើរបស់រដ្ឋ Kelantan ត្រូវការការយល់ព្រមពី ភ្នាក់ងារសន្តិសុខកំពូលនៅទីក្រុង Kuala Lumpur ហើយគេមិនដឹងថាតើរដ្ឋបានបញ្ជូនវា ទៅរដ្ឋាភិបាលកណ្តាល ឬយ៉ាងណា ៕
ប្រែសម្រួលៈ ណៃ តុលា