បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ីរបស់ខ្លួន បានបំផ្លាញទីតាំង និងមីស៊ីលប្រឆាំង យន្តហោះ Patriot ចំនួនបួនកន្លែងបន្ថែមទៀត ដែលជាអាវុធ ត្រូវបានផ្តល់ដល់ អ៊ុយក្រែនពីសំណាក់ ប្រទេសលោកខាងលិច។
កងកម្លាំងយោធារុស្សី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ របស់កងទ័ពអាកាសរុស្ស៊ី រួមជាមួយនឹងយន្ត ហោះគ្មានមនុស្សបើក និងក្រុមកាំភ្លើងធំ បានបំផ្លាញយាន គ្រប់គ្រងការប្រយុទ្ធ ស្ថានីយ៍រ៉ាដា AN/MPQ-65 និងឧបករណ៍បាញ់ចំនួនបួន នៃប្រព័ន្ធមីស៊ីលប្រឆាំង យន្តហោះ Patriot ដែលផលិតនៅសហរដ្ឋអាមេរិក។
លើសពីនេះ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ទាហានរុស្ស៊ីបានរំដោះភូមិចំនួនពីរ ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR)ដែលមួយក្នុងចំណោមនោះគឺ Vesely Gai ស្ថិតនៅចម្ងាយ១០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Kurakhovo ដែលកំពុងប្រយុទ្ធហើយភូមិមួយទៀត គឺPushkinoស្ថិតនៅចម្ងាយ១៥គីឡូម៉ែត្រ ភាគខាងត្បូងនៃ Pokrovsk ។
ទីក្រុងKurakhovo ក្នុងតំបន់ DPR របស់រុស្ស៊ីគឺ ជាសមរភូមិយ៉ាងរឹងម៉ាំដោយកងកម្លាំងអ៊ុយក្រែន ហើយជាតំបន់មួយក្នុង ចំណោមតំបន់ដែលមានប្រជាជនសំខាន់ៗ មួយចំនួនដែលនៅតែស្ថិត ក្រោមការគ្រប់គ្រងរបស់ពួកគេនៅភាគនិរតី Donbass ផងដែរ។
គួរឲ្យដឹងដែរថា ការតាំង ទីលំនៅដ៏ធំបំផុត ដែលគ្រប់គ្រងដោយ ទីក្រុងគៀវគឺទីក្រុង Pokrovsk ដែលត្រូវបានគេស្គាល់ ផងដែរថា ជា Krasnoarmeyskមានទីតាំងនៅប្រហែល៣០គីឡូម៉ែត្រខាងជើងនៃតំបន់ Kurakhovo ។ កាលពីខែមុន មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានពណ៌នាទីតាំង ទាំងពីរនេះថាជា កន្លែងលំបាកបំផុត សម្រាប់កងកម្លាំងរបស់គៀវ ៕
ប្រែសម្រួល៖ស៊ុនលី