សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មាន អ៊ុយក្រែនបានចុះផ្សាយថា យោធាអ៊ុយក្រែន បានចេញផ្សាយរូបថត និងវីដេអូនៃអ្វីដែលហាក់ ដូចជាទាហានកូរ៉េខាងជើង រាប់សិបនាក់ ត្រូវបានសម្លាប់ រួមជាមួយនឹងទាហានរុស្ស៊ី នៅក្នុងតំបន់ព្រំដែន Kursk ភាគខាងលិច របស់ប្រទេសរុស្ស៊ី។
គេហទំព័រ Ukrainska Pravda បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ព័ត៌មាន ពីអង្គភាពយន្តហោះដ្រូនថា ទាហានដែលសាកសពត្រូវបានបង្ហាញដោយព្រិលៗ ត្រូវបានសម្លាប់ក្នុងអំឡុង ពេលវាយលុកនៅក្នុងតំបន់រុស្ស៊ី ជាប់ព្រំដែនអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់ ។
ប្រភពបានឲ្យដឹងថា បណ្តាញ Madiar បានសង្កត់ធ្ងន់ថា នេះគឺជាកិច្ចខិតខំប្រឹង ប្រែងរួមគ្នារបស់ FPV ក្រុមយន្តហោះដ្រូន នៃកងវរសេនាធំប្រព័ន្ធអាកាសចរណ៍គ្មានមនុស្សបើកទី៤១៤ កងពលតូច Mahura កងពលតូចទ័ពអាកាសទី៩៥ កងពលតូចម៉ារីនដាច់ដោយឡែកទី៣៦ កងពលតូចរថក្រោះទី១ និងកងពលតូចរថក្រោះទី ១៧។
ព័ត៌មានលម្អិតនៃការបង្ហោះ ដែលបានចែករំលែកនៅលើប៉ុស្តិ៍ Telegram របស់អង្គភាពយន្ដហោះដ្រូន ប៉ុន្ដែវាមិនអាចផ្ទៀង ផ្ទាត់បានភ្លាមៗនោះទេ ។ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា រុស្ស៊ីអាចពង្រីកការដាក់ពង្រាយ របស់កូរ៉េខាងជើង ទៅកាន់ផ្នែកផ្សេងទៀតនៃតំបន់ជម្លោះជួរមុខ៕
ប្រែសម្រួល ឈូក បូរ៉ា