ព័ត៌មានអន្តរជាតិ

លោក ពូទីន ៖ បណ្តាប្រទេសលោកខាងលិច ជំរុញឲ្យរុស្ស៊ីឆ្ពោះទៅរកខ្សែបន្ទាត់ក្រហម ដោយធ្វើឲ្យមានការឆ្លើយតប

Xinhua

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំពង្រីកនៃសហសេវិកនៃក្រសួងការពារជាតិរុស្ស៊ីថា លោកខាងលិចកំពុងជំរុញរុស្ស៊ីឆ្ពោះទៅរកខ្សែបន្ទាត់ក្រហមរបស់ខ្លួន ដោយទុកឱ្យទីក្រុងមូស្គូ គ្មានជម្រើសអ្វីក្រៅពីការឆ្លើយតប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកពូទីន បានលើកឡើងថា បណ្តាប្រទេសលោកខាងលិចកំពុងប្រើការគំរាមកំហែងរបស់រុស្ស៊ីក្លែងក្លាយ ដើម្បីបន្លាចប្រជាជនរបស់ពួកគេខណៈពេលដែលជំរុញទីក្រុងម៉ូស្គូ ទៅកាន់បន្ទាត់ក្រហម របស់ខ្លួន និងបង្ខំឱ្យមានការឆ្លើយតបដោយបន្ថែមថា លោកខាងលិចធ្វើសង្រ្គាមកូនកាត់ និងបន្តគោលនយោបាយទប់ស្កាត់ទាក់ទងនឹងរដ្ឋ ដែលពួកគេប្រឆាំងរួម ទាំងរុស្ស៊ីផងដែរ ។

លោកបានចង្អុលបង្ហាញថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) កំពុងបង្កើនការចំណាយផ្នែកយោធា ការដាក់ពង្រាយក្រុមវាយប្រហារនៅជិតព្រំដែនរុស្ស៊ី និងបង្កើនចំនួនទាហានអាមេរិកនៅក្នុងទ្វីបអឺរ៉ុប ដែលចំនួនសរុបឥឡូវនេះមានលើសពី ១០ម៉ឺននាក់ ។ លោកថា ប្លុកនេះក៏កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈពេលដែលការបង្កើតសម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលធ្វើឱ្យចុះខ្សោយនូវស្ថាបត្យកម្មសន្តិសុខ ដែលមានរយៈពេលយូរនៅទីនោះ។

លោកពូទីនបានលើកឡើងថា “កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដែលមានគោលបំណងបង្កើត និងរៀបចំសព្វាវុធនៅលើដីដែលមានភាពជាក់លាក់ខ្ពស់ ដែលមានរយៈចម្ងាយរហូតដល់ ៥,៥០០ គីឡូម៉ែត្រសម្រាប់ដាក់ពង្រាយនៅក្នុងតំបន់ខាងមុខ គឺពាក់ព័ន្ធ” ដោយព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកឆ្ពោះទៅមុខជាមួយនឹងការដាក់ពង្រាយមីស៊ីលបែបនេះ រុស្ស៊ីនឹងដកការរឹតបន្តឹងឯកតោភាគី របស់ខ្លួនដែលដាក់ពីមុនមកក្នុងក្របខ័ណ្ឌ នៃសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម។

ទន្ទឹមនឹងនេះ លោកបានកត់សម្គាល់ថា កងទ័ព និងកងទ័ពជើងទឹករុស្ស៊ី កំពុងត្រូវបានធ្វើទំនើបកម្ម ហើយ ៩៥ ភាគរយ នៃកងកម្លាំងនុយក្លេអ៊ែរ យុទ្ធសាស្ត្ររបស់ប្រទេសឥឡូវនេះ ត្រូវបានបំពាក់ដោយសព្វាវុធទំនើប។ លោកបន្ដថា ការផលិតដ៏ធំនៃប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Oreshnik ថ្មីរបស់ប្រទេសនេះ នឹងចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកបានបន្ថែមថា កងកម្លាំង នុយក្លេអ៊ែរ ជាយុទ្ធសាស្ត្ររបស់រុស្ស៊ី មានសារៈសំខាន់ណាស់ក្នុងការរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយបន្ថែមថា វាក៏មានសារៈសំខាន់ផងដែរ ក្នុងការរក្សាកងកម្លាំងនុយក្លេអ៊ែរ ដែលមិនមែនជាយុទ្ធសាស្ត្រក្នុងការត្រៀមខ្លួន ប្រយុទ្ធឥតឈប់ឈរ ហើយបន្តធ្វើសមយុទ្ធ ដើម្បីអនុវត្តការប្រើប្រាស់របស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top