ព័ត៌មានអន្តរជាតិ

អ្នកជំនាញថា កូរ៉េខាងជើង កំពុងពន្លឿនការផលិតអាវុធ និងបញ្ជូនទៅឱ្យរុស្ស៊ី

RT News

បរទេស ៖ អ្នកជំនាញអាវុធឯករាជ្យ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើងកំពុងស្វែង រកផ្នែកសម្រាប់ មីស៊ីលពីប្រទេសទីបី ហើយផលិត និងផ្ទេរសព្វាវុធទាំងនោះទៅឱ្យរុស្ស៊ី ឱ្យបានលឿនជាងការគិតពីមុន សម្រាប់ប្រើក្នុង សង្គ្រាមប្រឆាំងអ៊ុយក្រែន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Jonah Leff ដែលជាប្រធានផ្នែកស្រាវជ្រាវអាវុធជម្លោះ (CAR) ដែលជាអង្គការឯករាជ្យ ដែលតាមដានអាវុធ ដែលប្រើប្រាស់ក្នុងជម្លោះ បាននិយាយថា អ្នកស្រាវជ្រាវរបស់លោក បានចងក្រងឯកសារ សំណល់ នៃមីស៊ីលចំនួន៤គ្រាប់ ដែលពួកគេវាយតម្លៃ ថា បានមកពីប្រទេសកូរ៉េខាងជើង ដែលត្រូវបានរកឃើញនៅក្នុងខែកក្កដា និងខែសីហា ក្នុងប្រទេសអ៊ុយក្រែន។ លោកបាននិយាយថា មីស៊ីលមួយក្នុងចំណោមនោះ គឺមានសញ្ញាសម្គាល់ថា វាត្រូវបានផលិតក្នុងឆ្នាំនេះ។

លោក Leff បាននិយាយថា “នេះគឺជាភស្តុតាងសាធារណៈដំបូងបង្អស់ នៃមីស៊ីល ដែលត្រូវបានផលិត នៅក្នុងប្រទេស កូរ៉េខាងជើង ហើយក្រោយមកត្រូវបានប្រើប្រាស់ ក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែ មិនមែនប៉ុន្មានឆ្នាំនោះទេ” ។ លោកបាននិយាយថា នេះបង្ហាញពីរយៈពេល “ខ្លី” រវាងការផលិត មីស៊ីលផ្លោងទាំងនេះ ការផ្ទេរ និងការប្រើប្រាស់ ជាយថាហេតុនៅអ៊ុយក្រែន។

លោក Leff ក៏បានកត់សម្គាល់ផងដែរថា សំណល់មីស៊ីលមួយចំនួន មានសមាសធាតុ ដែលមិនបានផលិត នៅក្នុងប្រទេសកូរ៉េខាងជើង រួមទាំងមានស្លាកសញ្ញាផលិតកម្មដូចកាលពីឆ្នាំ ២០២៣ ដែលបង្ហាញថា ទីក្រុងព្យុងយ៉ាងមាន “បណ្តាញទិញដ៏រឹងមាំ សម្រាប់កម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន” បើទោះបីជាទណ្ឌកម្ម អន្តរជាតិហាមឃាត់ ការផ្ទេរបែបនេះទៅកាន់របបឈ្លើយសឹកក៏ដោយ។

លោកបាននិយាយថា “ទោះបីជាមានការដាក់ទណ្ឌកម្មជិត ពីរទសវត្សរ៍មកលើកូរ៉េខាង ជើងក៏ដោយ វាបានបង្ហាញពីសមត្ថភាព របស់ខ្លួនក្នុងការផលិត និងផ្គត់ផ្គង់មីស៊ីលផ្លោងសម្រាប់ ប្រើប្រាស់ប្រឆាំង នឹងអ៊ុយក្រែនក្នុង រយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ” ។

ផ្នែកខ្លះសម្រាប់យន្ត ហោះគ្មានមនុស្សបើក និងកាំជ្រួចរបស់កូរ៉េខាងជើង ដែលត្រូវបានប្រើប្រឆាំងនឹងអ៊ុយក្រែន មានសមាសធាតុម៉ាកយីហោ ពីក្រុមហ៊ុននៅអឺរ៉ុប ជប៉ុន និងសហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា

To Top