បរទេស៖ អភិបាល ស្តីទី នៃតំបន់លោក Aleksandr Khinshtein បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានបើកការវាយ ប្រហារ ដោយមីស៊ីលទៅលើទីក្រុង Rylsk ក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្ស ៦ នាក់ក្នុងនោះមានកុមារ និង ១០នាក់ផ្សេងទៀតរងរបួស។ មន្ត្រីរូបនេះបានបន្ថែមថា ទាហានរបស់ក្រុងគៀវបានប្រើមីស៊ីល HIMARS ដែលផលិតដោយអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារតាមអាកាសនេះ បានបង្កការខូចខាតយ៉ាងទូលំទូលាយដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅទូទាំងទីក្រុង ដោយបានបំផ្លាញផ្ទះវប្បធម៌ សាលាបឋមសិក្សា និងកន្លែងរស់នៅ និងសិក្សាដែលជាកម្មសិទ្ធិរបស់មហាវិទ្យាល័យអាកាសចរណ៍ Rylsk ។ ការវាយប្រហារនេះក៏បានបំបែកបង្អួច នៅក្នុងអគារអាផាតមិន និងបានប៉ះពាល់ដល់ផ្ទះឯកជន មួយចំនួនព្រមទាំងរថយន្តចំនួន ១៥គ្រឿង ឬច្រើនជាងនេះ ។
លោក Khinshtein បានសរសេរ នៅក្នុងសារ Telegram ថា “អ្វីដែលបានកើតឡើងនៅថ្ងៃនេះ គឺជាសោកនាដកម្មដ៏ធំ សម្រាប់យើងទាំងអស់គ្នា” ។ អភិបាលក្រុងរូបនេះបានបន្ថែមថា ការងារនៃសេវាសង្គ្រោះបន្ទាន់ មានភាពស្មុគស្មាញ ដោយសារ ការវាយប្រហារម្តង ហើយម្តងទៀត ពីកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
យ៉ាងណាក៏ដោយ លោកបានបង្ហាញ ទំនុកចិត្តថា អ្នកដែលទទួលខុសត្រូវ ចំពោះការវាយប្រហារ នឹងប្រឈមមុខនឹង ការសងសឹក ហើយហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានបំផ្លាញទាំងអស់ នឹងត្រូវបានជួសជុលឡើងវិញ៕
ប្រែសម្រួលៈ ណៃ តុលា