ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា មិនត្រូវការប្រូកស៊ីណា មួយនៅអាស៊ី ខាងលិចនោះឡើយ

RT News

តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់ប្រទេស អ៊ីរ៉ង់ លោក Ali Khamenei បានឲ្យដឹងថា ប្រទេសនេះក៏មិនមាន ឬត្រូវការប្រូកស៊ីណាមួយ នៅក្នុងតំបន់ អាស៊ីខាងលិចនោះដែរ។

លោកបានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងតេអេរ៉ង់ ក្នុងការឆ្លើយតបទៅនឹងការអះអាងថា អ៊ីរ៉ង់បានបាត់បង់អ្នកតំណាង របស់ខ្លួននៅក្នុងតំបន់ ដោយហៅការអះអាងបែបនេះថា “ការឃោសនា និងសង្គ្រាមផ្លូវចិត្ត” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់លោក។

លោក Khamenei បានលើកឡើងថា អ៊ីរ៉ង់មិនត្រូវការអ្នកតំណាងនោះទេ ប្រសិនបើខ្លួនស្វែងរកសកម្មភាពណាមួយ ដោយកត់សម្គាល់ថា កងកម្លាំងតស៊ូ នៅក្នុងតំបន់បានប្រយុទ្ធ ដើម្បីជំនឿរបស់ពួកគេ មិនមែនក្នុងនាមអ៊ីរ៉ង់នោះទេ។

ដោយអត្ថាធិប្បាយ លើការវិវឌ្ឍថ្មីៗ នៅក្នុងប្រទេសស៊ីរី មេដឹកនាំកំពូល បានឲ្យដឹងថា ស៊ីរីត្រូវបាន “ធ្លាក់ចូលទៅក្នុង ភាពវឹកវរ” ដោយក្រុម ដែលគាំទ្រដោយរដ្ឋាភិបាល បរទេសមួយចំនួន ដោយទាញយក “ភាពទន់ខ្សោយ ខាងក្នុងរបស់ស៊ីរី” ។

លោក​បាន​បរិហារ​ការ​ កាន់កាប់​របស់​អ៊ីស្រាអែល ​នៅ​ក្នុង​ទឹកដី​ស៊ីរី ដោយ​បន្ដថា ​លោក​រំពឹង​ថា​នឹង​មាន​ការ​តស៊ូ​ពី “យុវជន​ស៊ីរី​ដែល​ខ្នះខ្នែង និង​ក្លាហាន” ប្រឆាំង​នឹង​ការ​ជឿនលឿន ​និងការគំរាមកំហែង របស់​អ៊ីស្រាអែល ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top