ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ គំរាមធ្វើសកម្មភាព ដោយកងកម្លាំង ប្រឆាំងនឹងក្រុមហ៊ូធី របស់ប្រទេសយេម៉ែន

China Dialy

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែលនឹងធ្វើសកម្មភាព ដោយកងកម្លាំង ប្រឆាំងនឹងក្រុមហ៊ូធី នៅក្នុងប្រទេសយេម៉ែន មួយថ្ងៃបន្ទាប់ពីក្រុមនេះ បានបាញ់មីស៊ីលឆ្ពោះទៅកាន់តំបន់ Tel Aviv របស់ខ្លួន។

លោក ណេតាន់យ៉ាហ៊ូ បាន​ឲ្យដឹងក្នុង​សេចក្តីថ្លែងការណ៍​ជា​វីដេអូ​ថា “ដូច​ដែល​យើង​បាន​ធ្វើ​សកម្មភាព​ដោយ​កម្លាំង​ប្រឆាំង​នឹង​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ ផ្សេងទៀត​ នោះ​យើង​នឹង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ក្រុមហ៊ូធី”។

លោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែល មិនមែនធ្វើសកម្មភាពតែម្នាក់ឯងនោះទេ ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត មានទស្សនៈដូចគ្នាជាមួយអ៊ីស្រាអែលថា ក្រុមហ៊ូធី កំពុងបង្កការគំរាមកំហែង មិនត្រឹមតែដល់ការ ដឹកជញ្ជូនអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែដល់សណ្តាប់ធ្នាប់ពិភពលោក។

លោក បាន​បន្ថែម​ថា “ហេតុ​ដូច្នេះ​ហើយ យើង​ នឹង​ធ្វើ​ដោយ​កម្លាំង ការ​តាំងចិត្ត និង​ភាព​ប៉ិនប្រសប់ ទោះបីជាវាត្រូវការ ពេលវេលាក៏ដោយ លទ្ធផលនឹងដូចគ្នានឹងក្រុមភេរវករដទៃទៀតដែរ”។

គ្រាប់កាំជ្រួចរបស់ក្រុមហហ៊ូធី បានវាយប្រហារសួនកុមារ និងអគារមួយក្នុងទីក្រុង Tel Aviv ពេញមួយយប់រវាងថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដោយបានធ្វើឱ្យមនុស្ស ១៤នាក់ រងរបួស និងបណ្តាលឱ្យខូចខាតអគារ នេះបើយោង តាមការអាប់ដេត ចុងក្រោយពីសេវាសង្គ្រោះ Magen David Adom របស់អ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top