បរទេស៖ យោងតាមប្រភពពីមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អគ្គីភ័យដ៏ធំមួយបានកើតឡើង នៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Vladikavkaz ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃពុធនេះ បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងក្លាមួយ ខាងក្នុង ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅផ្សារទំនើប Alania Mall ដែលជាមជ្ឈមណ្ឌលទិញទំនិញ និងកម្សាន្តដ៏ធំមួយនៅក្នុងរដ្ឋធានីនៃសាធារណរដ្ឋ North Ossetia-Alania នៅ North Caucasus របស់ប្រទេសរុស្ស៊ី ។ សេវាសង្គ្រោះបន្ទាន់បាននិយាយថា មនុស្សម្នាក់បានស្លាប់ និង ២ នាក់ទៀតបានរងរបួស ដោយយោងតាមសេចក្តីរាយការណ៍បឋមពីកន្លែងកើតហេតុ។ យោងតាមទិន្នន័យបន្ទាប់ បានឱ្យដឹងថា អគ្គិភ័យបានប៉ះពាល់ដល់ទំហំប្រហែល ៨០០ ម៉ែត្រការ៉េ ហើយត្រូវបានពន្លត់ក្នុងរយៈពេលប្រហែលមួយម៉ោង។
ផ្សារទំនើបនេះ ត្រូវបានបើកនៅក្នុងឆ្នាំ ២០១៥ ហើយមានផ្ទៃដីសរុប ២៨ ០០០ ម៉ែត្រការ៉េ រួមទាំងជាន់ក្រោម និង មាន ៤ ជាន់ពីលើដី។ ផ្នែកដែលរងការខូចខាត គឺស្ថិតនៅចំកណ្តាលកំពូល នៃអគារនេះ បើយោងតាមខ្សែវីដេអូ ដែលចែករំលែកដោយក្រសួងគ្រាអាសន្ន ដែលបង្ហាញពីបង្អួចដែលបែកខ្ទេចខ្ទាំ និងផ្សែងហុយចេញពីចន្លោះប្រហោង ជាមួយនឹងដំបូល ដែលរងការខូចខាតយ៉ាងដំណំនៅលើច្រកចូលកណ្តាល។
សាក្សីបានប្រាប់សារព័ត៌មានថា ការផ្ទុះដ៏ខ្លាំងមួយបានធ្វើឱ្យរង្គើអគារទាំងមូល បានបណ្តាលឲ្យមានអគ្គិភ័យ។ សារព័ត៌មាន TASS បានដកស្រង់ប្រភពផ្លូវការដែលនិយាយថា ការលេចធ្លាយហ្គាសបណ្តាលឱ្យមានការផ្ទុះនេះកើតឡើង ។ សារព័ត៌មានផ្សេងទៀត បានផ្សាយថា ស៊ីឡាំងឧស្ម័ន គឺទំនងជាមូលហេតុ ៕
ប្រែសម្រួលៈ ណៃ តុលា