បរទេស៖ ក្រុមហ៊ុនដឹកជញ្ជូនរដ្ឋរុស្ស៊ី Oboronlogistics បានប្រកាសកាលពីថ្ងៃពុធថា “ការវាយប្រហារភេរវកម្ម” គឺត្រូវស្តីបន្ទោសចំពោះការលិចកប៉ាល់ដឹកទំនិញរុស្ស៊ី Ursa Major នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា កប៉ាល់ដឹកទំនិញបានលិចក្នុងដែនទឹករវាងប្រទេសអេស្ប៉ាញ និងអាល់ហ្សេរីកាលពីថ្ងៃចន្ទ។ សេចក្តីរាយការណ៍ដំបូងបាននិយាយអំពីការផ្ទុះនៅក្នុងបន្ទប់ម៉ាស៊ីន ដែលបណ្តាលឱ្យនាវានេះលិចយ៉ាងគំហុក។ កប៉ាល់សង្គ្រោះអេស្ប៉ាញបានស្រង់សមាជិកនាវិក១៤នាក់ហើយ ប៉ុន្តែ២នាក់នៅបាត់ខ្លួននៅឡើយ ។
ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Oboronlogistics បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Oboronlogistics ជឿជាក់ថានៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ការវាយប្រហារភេរវករជាគោលដៅត្រូវបានធ្វើឡើងលើកប៉ាល់ Ursa Major” ។
យោងតាមសមាជិកនាវិកដែលនៅរស់រានមានជីវិត មាន “ការផ្ទុះចំនួនបីដង” បានកើតឡើងនៅលើកប៉ាល់ដែលបន្ទាប់មកបានចាប់ផ្តើមលិចទឹក។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនបានបញ្ចេញឈ្មោះពិរុទ្ធជនក្នុងអំពើភេរវកម្មនោះទេ។ អ៊ុយក្រែនធ្លាប់ទទួលខុសត្រូវចំពោះការវាយប្រហារជាច្រើនលើកមកលើកប៉ាល់រុស្ស៊ីនៅសមុទ្រខ្មៅ៕
ប្រែសម្រួលៈ ណៃ តុលា