បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃពុធបានច្រានចោលនូវវិធានការណាមួយដើម្បីរំលាយសភា ហើយបាននិយាយថា លោកស្រីមានការងឿងឆ្ងល់អំពីមូលហេតុដែលពាក្យចចាមអារ៉ាមបែបនេះត្រូវបានផ្សព្វផ្សាយ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា តាមពិតទៅ វាគឺជាឪពុករបស់លោកស្រី ដែលបានទាក់ទាញចំណាប់អារម្មណ៍ដំបូងចំពោះពាក្យចចាមអារ៉ាមនេះ នៅពេលដែលលោកបានលើកឡើងវាកាលពីថ្ងៃអង្គារ ខណៈពេលដែលលោកកំពុងជួយដល់បេក្ខជនគណបក្សភឿថៃ ក្នុងការបោះឆ្នោតខេត្តឈៀងម៉ៃ។
លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បាននិយាយប្រាប់អ្នកសារព័ត៌មានថា “គ្មាននរណាម្នាក់ (ក្នុងរដ្ឋាភិបាល) លើកឡើងអំពីប្រធានបទនេះទេ។ ខ្ញុំយល់ច្រឡំដូចអ្នកណាម្នាក់ដែរថាតើគំនិតនេះកើតឡើងដោយរបៀបណានោះ»។
អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាមេដឹកនាំពិតប្រាកដនៃបក្សភឿថៃ បានប្រាប់ទស្សនិកជនរបស់លោកនៅខេត្តឈៀងម៉ៃថា ការនិយាយណាមួយអំពីការរំលាយសភាគឺជាការស្រមើស្រមៃសុទ្ធសាធ។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថា នរណាជាអ្នកបំផុសគំនិតមុនគេនោះទេ។
អនុរដ្ឋមន្ត្រីដឹកជញ្ជូន លោកស្រី Manaporn Charoensri បាននិយាយថា គ្មានគណបក្សណាមួយនៅក្នុងរដ្ឋាភិបាលចម្រុះចង់ឱ្យសភាត្រូវបានរំលាយនោះទេ។ លោកស្រីថា “ប្រជាជនបានជ្រើសរើសយើងឲ្យធ្វើការដើម្បីប្រទេសឲ្យអស់ពីសមត្ថភាព ហើយនោះជាអ្វីដែលយើងនឹងធ្វើ។ យើងនឹងបម្រើ (នៅសល់) នៃអាណត្តិ 4 ឆ្នាំរបស់យើង»។
អ្នកសារព័ត៌មានក៏បានសួរលោកស្រី ផែតងតាន ថាតើលោកស្រីមានគម្រោងចូលរួមសម័យប្រជុំសភានៅថ្ងៃព្រហស្បតិ៍ និងឆ្លើយសំណួររបស់គណបក្សប្រឆាំងដែរឬទេ។ លោកស្រីញញឹមយ៉ាងសាមញ្ញ ហើយនិយាយថា “រីករាយថ្ងៃបុណ្យណូអែល”។
សូមជម្រាបថា កាលពីដើមខែនេះ គណបក្សប្រឆាំងបាន រិះគន់នាយករដ្ឋមន្ត្រីចំពោះការអវត្តមានរបស់លោកស្រីពីសភា នៅពេលដែលពួកគេមានសំណួរសម្រាប់លោកស្រី។ លោកស្រី ផែតងតាន បាននិយាយថា លោកស្រីមិនអាចចូលរួមបានទេ ដោយសារលោកស្រីជាប់រវល់ប្រកាសពីសមិទ្ធផលរបស់រដ្ឋាភិបាលក្នុងរយៈពេល ៩០ថ្ងៃកន្លងមកនេះ៕
ប្រែសម្រួលៈ ណៃ តុលា