ព័ត៌មានអន្តរជាតិ

អ្នកទោសជាង ១.៥០០នាក់ រត់ចេញពីពន្ធនាគារ ក្នុងប្រទេស ម៉ូសំប៊ិក អំឡុងពេលចលាចលក្រោយការបោះឆ្នោតប្រធានាធិបតី

AFP

បរទេស៖ អ្នកទោសជាង ១.៥០០ នាក់ បានរត់គេចខ្លួនពីពន្ធនាគារក្បែរទីក្រុង Maputo របស់ប្រទេស ម៉ូសំប៊ិក កាលពីថ្ងៃពុធ ដោយបានទាញយកផលប្រយោជន៍ពីថ្ងៃទី៣ នៃភាពចលាចលដែលបង្កឡើងដោយការបញ្ជាក់ដ៏ចម្រូងចម្រាសរបស់គណបក្ស Frelimo ដែលកាន់អំណាចយូរអង្វែងជាអ្នកឈ្នះការបោះឆ្នោតនាពេលថ្មីៗនេះ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា មេប៉ូលិសជាតិម៉ូសំប៊ិក លោក Bernardino Rafael បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ្នកជាប់ឃុំសរុបចំនួន ១.៥៣៤ នាក់បានរត់គេចពីពន្ធនាគារដែលមានសុវត្ថិភាពខ្ពស់ ចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីរដ្ឋធានី។

លោកបានបន្ថែមថា ក្នុងចំណោមអ្នកប៉ុនប៉ងរត់គេចខ្លួននោះ មាន ៣៣នាក់បានស្លាប់ និង ១៥ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចជាមួយបុគ្គលិកពន្ធនាគារ។

លោកបានបន្តថា ការឆែកឆេរដែលគាំទ្រដោយកងទ័ពបាននាំឱ្យមានការចាប់ខ្លួនជនរត់គេចខ្លួនបានមកវិញ ប្រហែល ១៥០ នាក់។

អ្នកទោសប្រហែល ៣០នាក់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមប្រដាប់អាវុធដែលបាននៅពីក្រោយភាពចលាចល និងការវាយប្រហារនៅក្នុងខេត្តភាគខាងជើងនៃទីក្រុង Cabo Delgado អស់រយៈពេលប្រាំពីរឆ្នាំមកហើយ។

តុលាការកំពូលរបស់ប្រទេសអាហ្រ្វិកដែលនិយាយភាសាព័រទុយហ្គាល់ បានបញ្ជាក់កាលពីថ្ងៃចន្ទថា គណបក្ស Frelimo ដែលកាន់អំណាចតាំងពីឆ្នាំ ១៩៧៥ បានឈ្នះការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៩ ខែតុលា ដែលបានបង្កឱ្យមានភាពចលាចលជាច្រើនសប្តាហ៍រួចមកហើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top