តូក្យូ៖ ប្រទេសជប៉ុន និងចិន បានបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី ដោយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya គូសបញ្ជាក់អំពីផែនការ ដើម្បីបន្ធូរបន្ថយតម្រូវការទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរចិន និងយល់ព្រមលើដំណើរទស្សនកិច្ចដំបូង ទៅកាន់ប្រទេសជប៉ុនដោយ អ្នកការទូតកំពូលចិនលោក វ៉ាង យី ។
ប៉ុន្តែលោក Iwaya ក៏បានជម្រាបជូនលោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងប៉េកាំង ពីកង្វល់ដ៏ធ្ងន់ធ្ងររបស់លោក ចំពោះការបង្កើនសកម្មភាពយោធារបស់ចិន និងទាមទារឱ្យមានការដកចេញនូវអ្វី ដែលជប៉ុនបានបញ្ជាក់នៅក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ចេញពីកោះភាគនិរតីដាច់ស្រយាលមួយរបស់ខ្លួន។
លោក Iwaya កំពុងធ្វើដំណើរទស្សនកិច្ចជាលើកដំបូង របស់លោកទៅកាន់ប្រទេសចិន ចាប់តាំងពីក្លាយជារដ្ឋមន្ត្រីការបរទេសក្នុងខែតុលា។ ដំណើរកម្សាន្តនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល លើកដំបូងរវាងនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងខែវិច្ឆិកា នៅប្រទេសប៉េរូ ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់ ទំនាក់ទំនងជាយុទ្ធសាស្ត្រ និងផលប្រយោជន៍ទៅវិញទៅមក។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ពួកគេលោក Iwaya និងលោក វ៉ាង យី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេដើម្បី “ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកាត់បន្ថយបញ្ហា និងកង្វល់ និងបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល” ស្របតាមកិច្ចព្រមព្រៀង ដែលបានធ្វើឡើងរវាងមេដឹកនាំរបស់ពួកគេ នេះបើយោងតាមរដ្ឋាភិបាលជប៉ុន។
លោក វ៉ាង យី បានសង្កត់ធ្ងន់នៅដើមដំបូងនៃកិច្ចពិភាក្សាថា ចិន និងជប៉ុន គឺជា “ដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ ហើយថាលោកចង់ឃើញទំនាក់ទំនងរីកចម្រើន និងស្ថិតនៅលើផ្លូវត្រូវ” ៕
ប្រែសម្រួល ឈូក បូរ៉ា