ព័ត៌មានអន្តរជាតិ

Update: នាយករដ្ឋមន្រ្តីជប៉ុន ប្រាប់លោក ហ្សេឡិនស្គីថា ជប៉ុន នឹងឈរជាមួយអ៊ុយក្រែន ដើម្បីសម្រេចបានសន្តិភាព

kyodo

តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃពុធថា ប្រទេសជប៉ុន នឹងបន្តឈរជាមួយអ៊ុយក្រែន ដើម្បីសម្រេចបាននូវសន្តិភាព “យុត្តិធម៌ និងយូរអង្វែង” ខណៈដែលប្រទេសនេះ នៅតែត្រូវបានបំផ្លាញដោយសង្រ្គាមរបស់រុស្ស៊ី ដែលឥឡូវនេះពាក់ព័ន្ធនឹង ការបញ្ជូនកងទ័ពកូរ៉េខាងជើង ។

ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា នៅក្នុងកិច្ចចរចាលើកដំបូង របស់ពួកគេចាប់តាំងពីលោក Ishiba ចូលកាន់តំណែងក្នុងខែតុលា មេដឹកនាំទាំងពីរបានផ្លាស់ប្តូរ ទស្សនៈអំពីស្ថានភាពនៅអ៊ុយក្រែន រួមទាំងការចូលរួមនាពេលថ្មីៗនេះ របស់ទាហានកូរ៉េខាងជើង ហើយបានយល់ព្រមបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ។

លោក Ishiba បានធានាដល់លោក ហ្សេឡិនស្គី ថា ការគាំទ្ររបស់ជប៉ុន ចំពោះអ៊ុយក្រែន នៅតែមិនរអាក់រអួល ដោយគូសបញ្ជាក់ពីការអនុវត្តរបស់ទីក្រុងតូក្យូ នូវការដាក់ទណ្ឌកម្ម “ដ៏មានឥទ្ធិពល” ជាបន្តបន្ទាប់ប្រឆាំងនឹងទីក្រុងម៉ូស្គូ។

លោក ហ្សេឡិនស្គី បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការបន្តគាំទ្ររបស់ប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Ishiba បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ នៃអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន សម្រាប់អាស៊ីបូព៌ា ដែលភាពតានតឹងនៅតែមានកម្រិតខ្ពស់រវាងចិន និងតៃវ៉ាន់ ដោយប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយ ដែលត្រូវបង្រួបបង្រួមជាមួយដីគោកដោយកម្លាំង ប្រសិនបើចាំបាច់។

ការចូលរួមរបស់ទាហានកូរ៉េខាងជើង ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ដែលជាឧទាហរណ៍ចុងក្រោយបំផុតនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានក្លាយជាប្រភព នៃការព្រួយបារម្ភ សម្រាប់ប្រទេសជប៉ុនផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top