ព័ត៌មានអន្តរជាតិ

សេតវិមានថា ទាហាន​កូរ៉េ​ខាង​ជើង​ ជួប​ប្រទះ​នឹង​ការ​ស្លាប់​ និង​របួស​យ៉ាង​ច្រើន​ នៅ​សង្គ្រាមជួរ​មុខ​ជាមួយអ៊ុយក្រែន

VOA

បរទេស៖ សេតវិមានបាននិយាយនៅថ្ងៃសុក្រថា កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដោយកងទ័ព របស់ពួកគេ រាប់ពាន់នាក់បានស្លាប់ ឬរងរបួសនៅក្នុងសប្តាហ៍ចុងក្រោយនេះតែមួយ នៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិរបស់ សេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា “វាច្បាស់ណាស់ថាមេដឹកនាំយោធារុស្ស៊ី និងកូរ៉េខាងជើង កំពុងចាត់ទុកកងទ័ពទាំងនេះថា អាចចំណាយបាន ហើយបញ្ជាឱ្យពួកគេវាយប្រហារ ដោយគ្មានសង្ឃឹមប្រឆាំង នឹងការការពាររបស់អ៊ុយក្រែន” ។

លោក Kirby បានកំណត់លក្ខណៈ នៃការវាយលុករបស់កងទ័ពកូរ៉េខាងជើងថា ជា “ការវាយប្រហារទ្រង់ទ្រាយធំ និងការ​វាយប្រហារទៅមុខដោយថ្មើរជើង” ។

ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិ ក៏បាននិយាយផងដែរថា ប្រធានាធិបតី Joe Biden ទំនងជានឹងអនុម័តកញ្ចប់ជំនួយ សន្តិសុខមួយផ្សេងទៀតសម្រាប់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ទន្ទឹមនឹងនេះដែរ ប្រទេសស្លូវ៉ាគី កាលពីថ្ងៃសុក្របាន បញ្ជាក់ពីការត្រៀមខ្លួន របស់ខ្លួនក្នុងការធ្វើជា ម្ចាស់ផ្ទះកិច្ចចរចាសន្តិភាព ក្នុងគោលបំណងបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងម៉ូស្គូ បើកចំហចំពោះសំណើ របស់ស្លូវ៉ាគី ដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ដែលរុស្ស៊ីបានឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២៕
ប្រែសម្រួលៈ ណៃ តុលា

To Top