សេអ៊ូល៖ សភាកូរ៉េខាងត្បូង បានបោះឆ្នោតកាលពីថ្ងៃសុក្រ ដើម្បីអនុម័តសំណើចោទប្រកាន់ប្រធានាធិបតីស្តីទី និងលោកនាយករដ្ឋមន្ត្រីលោក Han Duck Soo ដោយធ្វើឱ្យកាន់តែមានភាពចលាចលនៅក្នុងប្រទេស ដែលប្រធានាធិបតីដែលត្រូវបាន ចោទប្រកាន់រួចហើយនោះគឺលោក Yoon Suk Yeol រង់ចាំការកាត់ក្តី ដែលនឹងសម្រេចជោគវាសនា នយោបាយរបស់លោក។
ការព្យួរតំណែងរបស់លោក Han បានធ្វើឱ្យឧបនាយករដ្ឋមន្ត្រីលលល Choi Sang Mok ក្លាយជាប្រធានាធិបតីស្តីទីទីពីរ របស់កូរ៉េខាងត្បូងក្នុងរយៈពេលតិចជាងពីរសប្តាហ៍។ លោក Choi បានឲ្យដឹងថា រដ្ឋាភិបាលនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរក្សាស្ថិរភាពកិច្ចការរដ្ឋ នៅក្នុងសាររបស់លោកទៅកាន់សាធារណៈជន។
នៅថ្ងៃដដែលនោះផងដែរ តុលាការធម្មនុញ្ញបានបើកសវនាការត្រៀម ជាលើកដំបូងរបស់ខ្លួនសម្រាប់ការចោទប្រកាន់លោក Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក រយៈពេលខ្លីរបស់លោកនៅដើមខែនេះ ដោយបានប្តេជ្ញាថា នឹងដំណើរការយ៉ាងរហ័ស លើការកាត់ទោសចោទប្រកាន់។
ញត្តិចោទប្រកាន់លោក Han ដែលសមាជិកសភាទាំង ១៩២ រូបមានវត្តមានបានបោះឆ្នោតជាឯកច្ឆ័ន្ទត្រូវអនុម័តនោះ ត្រូវបានដាក់ជូនដោយគណបក្សប្រជាធិបតេយ្យ ប្រឆាំងកាលពីថ្ងៃមុន បន្ទាប់ពីលោកបដិសេធមិនតែងតាំង មន្រ្តីយុត្ដិធម៌បន្ថែមដល់តុលាការធម្មនុញ្ញ។ បច្ចុប្បន្នតុលាការធម្មនុញ្ញមានចៅក្រមចំនួន ៦រូប ដែលនៅទំនេរចំនួន ៣អាសនៈ។
យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង ចលនាចោទប្រកាន់ប្រធានាធិបតីមួយរូប ទាមទារឱ្យមានការអនុម័ត សំឡេងពីរភាគបីនៃសមាជិកសភា ខណៈដែលច្បាប់ផ្សេងទៀតទាំងអស់ ត្រូវការត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ។ រដ្ឋសភាមាន ៣០០ អាសនៈ។
គណបក្សប្រឆាំងដ៏ធំបំផុត ក៏បានរាយបញ្ជីការបដិសេធរបស់លោក Han ក្នុងការចុះហត្ថលេខាលើច្បាប់ សម្រាប់ការស៊ើបអង្កេតរបស់ទីប្រឹក្សាពិសេស លើការដាក់ច្បាប់អាជ្ញាសឹករបស់លោក Yoon ក៏ដូចជាការចោទប្រកាន់អំពីអំពើពុករលួយ ពាក់ព័ន្ធនឹងភរិយារបស់លោកប្រធានាធិបតី ដែលជាហេតុផលសម្រាប់ចលនានេះ ៕
ប្រែសម្រួល ឈូក បូរ៉ា