បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំប្រទេសស៊ីរីថ្មី លោក Ahmed Hussein al-Sharaa បាននិយាយថា អាជ្ញាធរស៊ីរីថ្មី ដែលដឹកនាំ ដោយក្រុមអ៊ីស្លាម Hayat Tahrir-al-Sham (HTS) មានបំណងចង់ រក្សាលក្ខខណ្ឌ ទំនាក់ទំនងយ៉ាងល្អជាមួយរុស្ស៊ី។
មេដឹកនាំថ្មីដែលត្រូវបានគេស្គាល់ ឈ្មោះថា Abu Mohammad al-Julani គាត់បានស្នើនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Al Arabiya កាលពីថ្ងៃអាទិត្យថារដ្ឋាភិបាល របស់គាត់នឹងមិនចាំបាច់ ស្វែងរកការដកវត្តមាន របស់យោធារបស់ទីក្រុងមូស្គូ ចេញពីប្រទេសនោះទេ។
គួរឲ្យដឹងថាបន្ទាប់ ពីក្រុមសកម្មប្រយុទ្ធ នៅក្នុងប្រទេសស៊ីរី បានកាន់កាប់ទីក្រុង Damascus ហើយបានបង្ខំអតីត ប្រធានាធិបតី Bashar Assad ឱ្យលាលែង ពីតំណែង ជោគវាសនារបស់កងទ័ពរុស្ស៊ី ដែលឈរជើងនៅក្នុង ប្រទេសស៊ីរីនៅមូលដ្ឋាន Khmeimim និង Tartus បានក្លាយទៅជាបញ្ហា ដែលត្រូវគេចោទសួររហូតមក។
ទីក្រុងមូស្គូដំណើរការមូលដ្ឋានអាកាស Khmeimim និងមជ្ឈមណ្ឌលគាំទ្រ ផ្នែកដឹកជញ្ជូននៅ Tartus ដែលទីតាំងទាំងពីរ មានទីតាំងនៅឆ្នេរសមុទ្រ មេឌីទែរ៉ាណេ របស់ប្រទេសហើយកាលពីឆ្នាំ២០១៧ រុស្ស៊ី និងស៊ីរីក៏ធ្លាប់បានយល់ព្រមគ្នា រួចរាល់ហើយដែរក្នុងការដាក់វត្តមាន កងទ័ពរបស់ទីក្រុងមូស្គូ នៅទីនោះសម្រាប់រយៈពេល៤៩ឆ្នាំទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី