ព័ត៌មានអន្តរជាតិ

ប្រធានអង្គការឃ្លាំមើលសុខភាព របស់អង្គការសហប្រជាជាតិ រួចផុតពីសេចក្តីស្លាប់ អំឡុងពេលអ៊ីស្រាអែលវាយប្រហារ ព្រលានយន្តហោះក្នុងរដ្ឋធានីរបស់យេម៉ែន

RT News

បរទេស៖ ប្រធានអង្គការឃ្លាំមើលសុខភាព របស់អង្គការសហប្រជាជាតិបាននិយាយថា លោកបានរួចផុតពីសេចក្តីស្លាប់យ៉ាងចង្អៀត នៅពេលដែលអ៊ីស្រាអែលវាយប្រហារ ព្រលានយន្តហោះក្នុងរដ្ឋធានី Sanaa របស់យេម៉ែន កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Ghebreyesus បានទៅទស្សនាប្រទេសដែលហែកហួរ ដោយសង្រ្គាមស៊ីវិល ដើម្បីចរចារដោះលែងបុគ្គលិកអង្គការសហប្រជាជាតិ ដែលឃុំខ្លួនដោយក្រុមឧទ្ទាម ហួធី ដែលគ្រប់គ្រងទីក្រុង Sanaa ។ យន្តហោះអ៊ីស្រាអែលបាន វាយប្រហារព្រលានយន្តហោះ ខណៈក្រុមអង្គការសហប្រជាជាតិ ហៀបនឹងឡើងយន្តហោះ។

រូបភាពកាមេរ៉ាសុវត្ថិភាពដែលបង្ហោះដោយ លោក Ghebreyesus បង្ហាញថា ប្រធានអង្គការសុខភាពពិភពលោកត្រូវបាន ក្រុមរបស់គាត់នាំខ្លួនយ៉ាងលឿន ពីកន្លែងសម្រាកនៅព្រលានយន្តហោះ។ វាក៏បង្ហាញពីការវាយប្រហារលើប៉មបញ្ជាផងដែរ។

លោកសរសេរថា “វាមានភាពវឹកវរណាស់។ ប្រជាជនស្ថិតក្នុងភាពច្របូកច្របល់ និងរត់ទៅគ្រប់ទីកន្លែង ហើយគ្មានទីជំរកទេ៖ ពួកយើងត្រូវបានលាតត្រដាងទាំងស្រុង។

នៅក្នុងការប្រកាសនៅលើ X, លោក Ghebreyesus បានថ្លែងអំណរគុណដល់មនុស្ស គ្រប់គ្នាសម្រាប់ពាក្យនៃការគាំទ្រ។ លោកបាននិយាយថា “ខ្ញុំដឹងគុណជាពិសេសចំពោះសហការី និងបុគ្គលិកអាកាសយានដ្ឋាន ដែលមិនចេះគិតតែពីខ្លួនឯង នៅពេលពួកគេព្យាយាមការពារខ្ញុំ” ។

Julien Harneis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសយេម៉ែនបាននិយាយថាបុគ្គលិក អង្គការសហប្រជាជាតិម្នាក់ បានរងរបួសដោយគ្រាប់ផ្លោង។

សូមជម្រាបថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយមីស៊ីលរបស់ក្រុមឧទ្ទាម ហួធី ទៅលើទីក្រុង Tel Aviv និងទីក្រុងដទៃទៀតរបស់អ៊ីស្រាអែល។ យោងតាម IDF ក្រុមឧទ្ទាម ហួធី បានប្រើព្រលានយន្តហោះ និងកំពង់ផែសមុទ្ររបស់ប្រទេសនេះ ដើម្បីរត់ពន្ធអាវុធពីប្រទេសអ៊ីរ៉ង់៕

ប្រែសម្រួលៈ ណៃ តុលា

To Top