បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៃប្រទេសរុស្សីបាននិយាយនៅក្នុងសារ Telegram កាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែនបានដោះលែងទាហានរុស្ស៊ីចំនួន១៥០នាក់ពីការជាប់ឃុំជាផ្នែកនៃការផ្លាស់ប្តូរអ្នកទោសដ៏សំខាន់មួយនិងធំបំផុតមិនធ្លាប់មានរយៈពេល២ខែចុងក្រោយេនះខណៈដែល ទីក្រុងគៀវក៏អាចទទួលចំនួនទ័ពស្មើគ្នានេះដែរ។
ក្រសួងបានបញ្ជាក់ថា កិច្ចព្រមព្រៀងដោះដូរត្រូវបានសម្រុះសម្រួលដោយប្រទេសអារ៉ាប់រួមហើយ ទាហានរុស្ស៊ីដែលត្រូវបានដោះលែងទាំងអស់ត្រូវបានផ្ទេរដំបូងទៅប្រទេសបេឡារូស ជាកន្លែងដែលពួកគេត្រូវបានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តចាំបាច់ និងឱកាសដើម្បីទាក់ទងសាច់ញាតិ និងមនុស្សជាទីស្រលាញ់របស់ពួកគេ។
ក្រសួងបានបន្ថែមថា ទាហានទាំងនោះត្រូវបញ្ជូនទៅប្រទេសរុស្ស៊ីដើម្បីព្យាបាល និងស្តារនីតិសម្បទាបន្ថែមទៀត។
គួរឲ្យដឹងដែរថាវាគឺជាការដោះដូរលើកដំបូងចាប់តាំងពីខែតុលា ដែលភាគីទាំងពីរបានដោះដូរទាហានម្នាក់ៗចំនួន ៩៥នាក់។
កិច្ចព្រមព្រៀងដោះដូរនោះក៏ត្រូវបានសម្រុះសម្រួលដោយសហភាពអារ៉ាប់រួម UAE ផងដែរ។ កាលពីខែវិច្ឆិកា ទីក្រុងមូស្គូ និងក្រុងគៀវក៏បានផ្លាស់ប្តូរអដ្ឋិធាតុទាហានដែលបានស្លាប់ផងដែរ ដោយអ៊ុយក្រែនទទួលបានសាកសពចំនួន ៥៦៣ នាក់ និងរុស្ស៊ី ៣៧ នាក់៕
ប្រែសម្រួល៖ស៊ុនលី