ព័ត៌មានអន្តរជាតិ

ភាពឈ្លាសវៃ របស់ប្រមុខដឹកនាំចិន ក្នុងការស្តារ សេដ្ឋកិច្ច ឆ្នាំ២០២៤

ក្នុងដំណើរការសេដ្ឋកិច្ច សាកលលោក នៅក្នុងឆ្នាំ២០២៤ ត្រូវបានចាត់ទុកថា មានបញ្ហាប្រឈមជាច្រើន ដែលបណ្តារប្រទេសនីមួយៗ ខិតខំប្រឹងប្រែងដោះស្រាយ តាមរយៈការដាក់ចេញ នូវគោលនយោបាយ ស្តារឡើងវិញរៀងៗខ្លួន ក្នុងខណៈដែលភាពតានតឹង នៃភូមិសាស្រ្តនយោបាយ និង ការកើនឡើងយ៉ាងគំហុក នូវអត្រាការប្រាក់ ។ សេដ្ឋកិច្ចចិន ក៏ស្ថិតក្នុងស្ថានភាព ប្រឈមនូវព្យុះភ្លៀងដ៏ធំមួយ ដែលពិភពលោកទាំងមូល មិនអាចនឹកស្មានដល់ថា ការដាក់ចេញនូវគោល នយោបាយ និង យុទ្ធសាស្រ្តសំខាន់ៗរបស់ចិន អាចទប់ទល់នូវ ព្យុះភ្លៀង ដ៏កំណាចឃោរឃៅនេះបានទេ ។ ផ្ទុយទៅវិញ ប្រទេសចិន បានឆ្លងកាត់ ដោយជោគជ័យនូវបញ្ហាប្រឈម ដ៏វិសាមញ្ញ មួយចំនួនក្នុងឆ្នាំ ២០២៤ និង ឈានទៅដល់ការរីកលូតលាស់ឡើងវិញនៅឆ្នាំ ២០២៥ ដែលកំពុងតែចាប់ផ្តើមនាពេលនេះ ។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចចិន ត្រូវបានប៉ាន់ស្មានថា មានផលិតផលក្នុង ស្រុកសរុប នឹងលើសពី ១៧,៥ ទ្រីលានដុល្លារអាមេរិក រួមផ្សំនឹងការផលិត សម្រាប់ធានា នូវសន្តិសុខស្បៀង យ៉ាងពេញលេញ និងបរិបូរណ៍ បើទោះបញ្ហាអាកាសធាតុ និង បរិស្ថានសាកល មានការប្រែប្រួលក៏ដោយ។ បើយើងក្រឡេកមើល ការអភិវឌ្ឍក្នុង តំបន់នានា មានភាពស៊ីសង្វាក់គ្នា និង កាន់តែប្រសើរឡើងនូវប្រព័ន្ធ នគរូបនីយម្មបែបថ្មី និងការស្តារនិង អភិវឌ្ឍជនបទរួមបញ្ចូលគ្នា ដែលបានជះឥទ្ធិពលវិជ្ជមានទៅវិញទៅមក ។ គោលនយោបាយសម្រាប់ ជោគវាសនា រួមមួយទៀត គឺការអភិវឌ្ឍបៃតង និង កាបូនទាប ត្រូវបានជំរុញដោយស៊ីជម្រៅ សម្រាប់ប្រទេសចិន ដើរស្របគ្នា ជាមួយនឹងកម្មវិធី នៃគោលនយោបាយនគរូបនីយកម្ម បានប្រែក្លាយប្រទេសចិនជាទីក្រុងដ៏ស្រស់ស្អាត សម្រាប់សាកលលោកបាន លេចឡើងជាសន្សឹមៗ។

ជាមួយគ្នានោះដែរ ការពូនជ្រំកម្លាំងផលិតកម្មប្រកមប ដោយគុណភាពថ្មី ដែលដើរស្រប ទៅតាមលក្ខខណ្ឌក្នុងតំបន់ ឧស្សាហកម្មថ្មី ទិដ្ឋភាពមុខរបរថ្មី និង រូបមន្តថ្មី ក៏បានលេចចេញជាបន្តបន្ទាប់ ហើយបានធ្វើឱ្យបរិមាណផលិត រថយន្តថាមពលស្អាតមានចំនួនលើសពី ១០ លានគ្រឿងជាលើកដំបូង។ លើសពីនេះទៀត វិស័យសៀគ្វី បញ្ញាសិប្បនិមិ្មត និងទូរគមនាគមន៍កង់ទិច ព្រមទាំងវិស័យផ្សេងទៀតក៏ទទួលបានសមិទ្ធផលថ្មី រួមទាំងយានអវកាស Chang’e-6 បានយកសំណាក ដីពីផ្ទៃខាងក្រោយ នៃភពព្រះចន្ទ ជាលើកដំបូងផងដែរ ។ រីឯនាវាខួងយកប្រេងពី សមុទ្រក្នុង កម្រិតជ្រៅសញ្ញា Mengxiang បានរុករកអាថ៌កំបាំងនៃសមុទ្រ ជាមួយនឹងស្ពានឆ្លងសមុទ្រ Shenzhen-Zhongshan បានដាក់ឱ្យប្រើប្រាស់ និង ស្ថានីយសិក្សាស្រាវជ្រាវ Qinling នៅប៉ូលខាងត្បូង ត្រូវបានបង្កើតឡើង ដែលបានបង្ហាញ ពីភាពក្លៀវក្លា របស់ប្រជាជនចិន ក្នុងការរុករកអាថ៌កំបាំងនៃធម្មជាតិ។

ក្នុងឆ្នាំ២០២៤ ប្រជាជនចិន ដែលរស់នៅ តាមសហគមន៍នានា មានជីវភាពរស់នៅ យ៉ាងសម្បូរបែប ជាពិសេសសហគមន៍ ឈើហូបផ្លែ សហគមន៍នេសាទ និង ការថែរក្សាវប្បធម៌ អរិយធម៌ជាប្រវត្តិសាស្រ្តជាច្រើន ដែលមានទំនៀម ទំលាប់តត្រកូល ពីមួយជំនាន់ ទៅមួយជំនាន់ របស់ប្រជាសហគមន៍ចិន ។ ការរស់នៅស្រួលប្រកបដោយភាព សុខដុម របស់ប្រជាសហគមន៍ កើតចេញ មកពីគោលនយោបាយ របស់រដ្ឋាភិបាល ដែលបានដាក់ចេញ សម្រាប់បង្កើត ឱកាសការងារ និងបង្កើនប្រាក់ចំណូល បញ្ហាថែទាំមនុស្សវ័យជរានិងចិញ្ចឹមបីបាច់កូនក្មេង បញ្ហាអប់រំនិងសុខាភិបាល រួមទាំងការលើកកម្ពស់សោធននិវត្តន៍មូលដ្ឋាន ការកាត់បន្ថយអត្រាឥណទានទិញផ្ទះ និង ការពង្រីកការព្យាបាលជំងឺ។

ភាពរីកចម្រើនទាំងនេះ មិនមែនកើតឡើង ដោយឯកឯងនោះទេ រដ្ឋាភិបាលប្រទេសចិន ដែលដឹកនាំដោយលោក ប្រធានាធិបតី ស៊ី ជិនភីង បានជំរុញ យ៉ាងសកម្មនូវកំណែទម្រង់អភិបាលកិច្ចសកល និងធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពនៃប្រទេសសកលខាងត្បូង ការដាក់ចេញនូវការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ការរៀបចំដោយជោគជ័យយ៉ាងមហាសាល នៃកិច្ចប្រជុំកំពូលប៉េកាំង នៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក កិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ(SCO) កិច្ចប្រជុំប្រទេស BRICS កិច្ចប្រជុំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC ) និង កិច្ចប្រជុំក្រុមប្រទេស G20 ជាដើម ដែលបានបំពេញបន្ថែមកម្លាំងវិជ្ជមាន កាន់តែច្រើនដល់ការ គាំពារសន្តិភាពនិងស្ថិរភាពនៃពិភពលោក។

ទាំងនេះ ជាកម្មវិធីនៃគោលបាយបុរេសកម្ម ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និង អន្តរជាតិ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និង សាកលលោក រហូតដល់ឆ្លងផុតនូវព្យុះភ្លៀងដ៏កំណាចក្នុងឆ្នាំ ២០២៤ និង បានរៀបចំយុទ្ធសាស្រ្ត សម្រាប់បន្តដំណើរអភិវឌ្ឍនៅឆ្នាំ ២០២៥ ខាងមុខប្រកបដោយចីរភាព តាមកម្មវិធីកំណែ ទម្រង់គ្រប់ជ្រុងជ្រោយ ដែលបានដាក់ចេញក្នុងសន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ ដោយបានបន្តបោះជំហានទៅមុខ តាមចរន្តយុគសម័យនៃការធ្វើកំណែ ទម្រង់និងបើកទូលាយ នូវការធ្វើទំនើបកម្ម តាមបែបផែនចិន ។
តាមការប្រមើលមើល ក្នុងឆ្នាំ២០២៥ ខាងមុខ ប្រទេសចិននឹងសម្រេចដោយពេញលេញនូវផែនការជាតិប្រាំឆ្នាំទី ១៤ ក្នុងការអនុវត្តគោលនយោបាយឱ្យ កាន់តែសកម្មនិងប្រកប ដោយប្រសិទ្ធិភាពកាន់តែខ្ពស់ ដោយផ្តោតសំខាន់លើការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ជំរុញការកសាងសមត្ថភាព ផ្នែកបច្ចេកវិទ្យាខ្ពស់ដោយពឹងផ្អែកលើខ្លួនឯង ដើម្បីរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ នៃសេដ្ឋកិច្ចសង្គម។

បច្ចុប្បន្ន ការដំណើរការ នៃសេដ្ឋកិច្ចកំពុងប្រឈមមុខនឹងសភាពថ្មីមួយចំនួន បញ្ហាមិនប្រាកដប្រជាមកពី ខាងក្រៅនៅតែ ស្ថិតមាន និង មានសម្ពាធខាងការផ្លាស់ប្តូរពីកម្លាំង ចលករចាស់មកកម្លាំងចលករថ្មី ក៏ប៉ុន្តែបញ្ហទាំងនេះ អាចពុះពារបានក្រោមកិច្ច ខិតខំប្រឹងប្រែង និង ការយកចិត្តទុកដាក់របស់ប្រមុខដឹកនាំ ដែលបណ្តាប្រទេសនានា ត្រូវយកគំរូតាមដើម្បីចូលរួមទប់ទល់ នឹងការវាយប្រហារពីព្យុះភ្លៀង ការប្រែប្រួលភូមិសាស្រ្តនយោបាយ ការប្រែប្រួល សេដ្ឋកិច្ច និង ការប្រែប្រួលអាកាសធាតុ ដែលពិភពលោកនឹងប្រឈមនាពេលខាងមុខ។ ការខិតខំទាំងអស់គ្នា ក្នុងការលើកកម្ពស់ការកសាង និងអភិបាលកិច្ចសង្គម បន្តបង្កបរិយាកាសសុខដុមរមនា និង ប្រកបដោយបរិយាបន្ន ដោះស្រាយរឿងតូចធំរបស់ប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីធ្វើឱ្យមនុស្សគ្រប់រូបមានស្នាមញញឹមកាន់តែច្រើន និង កាន់តែមានភាពកក់ក្តៅ ។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

To Top