ព័ត៌មានអន្តរជាតិ

មនុស្ស ១០នាក់ស្លាប់ និង៤នាក់របួស ក្នុងហេតុការណ៍បាញ់ប្រហារ ដោយសារជម្លោះនៅបារមួយកន្លែង ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ

AFP

បរទេស៖ ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់ ១០ នាក់ រួមទាំងកុមារ ២ នាក់ ផងដែរ ត្រូវបានសម្លាប់ និង ៤ នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃពុធនៅក្នុងការបាញ់ប្រហារមួយដែលកើតឡើងបន្ទាប់ពីជម្លោះនៅបារមួយកន្លែង នៅភាគខាងលិចទីក្រុង Montenegrin ប្រទេស ម៉ុងតេណេហ្គ្រោ អ្នកបាញ់បានរត់គេចខ្លួន។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៉ូលិសបានកំណត់អត្តសញ្ញាណអ្នកវាយប្រហារនោះឈ្មោះ Aco Martinovic អាយុ ៤៥ ឆ្នាំ។ រដ្ឋមន្ត្រីមហាផ្ទៃ Danilo Saranovic បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ខ្មាន់កាំភ្លើងបានសម្លាប់កូន និងសមាជិកគ្រួសាររបស់គាត់ផ្ទាល់របស់ម្ចាស់បារនៅក្នុងទីក្រុង Cetinje។

លោក Saranovic បានប្រាប់អ្នកយកព័ត៌មានថា “នៅពេលនេះយើងកំពុងផ្តោតលើការចាប់ខ្លួនគាត់” ។

ប៉ូលីសបានបញ្ជូនទាហានពិសេស ដើម្បីស្វែងរកអ្នកវាយប្រហារនៅទីក្រុង Cetinje ដែលមានទីតាំងប្រហែល ៣០គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានី បូដហ្គោរីកា (Podgorica) ។ ផ្លូវទាំងអស់ក្នុងនិងក្រៅទីក្រុងត្រូវបានបិទ ខណៈប៉ូលិសបានសម្រុកចូលតាមដងផ្លូវ។

រដ្ឋមន្ត្រីមហាផ្ទៃរបស់ម៉ុងតេណេហ្គ្រោលោក Danilo Saranovic បានពណ៌នាជនសង្ស័យថា ជាមនុស្សគ្រោះថ្នាក់ ហើយបានអំពាវនាវដល់អ្នកស្រុកឱ្យស្ថិតនៅក្នុងផ្ទះ។

Saranovic បាននិយាយថា “កម្រិតនៃកំហឹង និងភាពឃោរឃៅបង្ហាញថា ពេលខ្លះមនុស្សបែបនេះ… ថែមទាំងមានគ្រោះថ្នាក់ជាងសមាជិកនៃក្រុមឧក្រិដ្ឋជនដែលបានរៀបចំទៅទៀត”។

ស្នងការប៉ូលីស Lazar Scepanovic បាននិយាយថា ជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ Martinovic នៅបារពេញមួយថ្ងៃជាមួយភ្ញៀវផ្សេងទៀត នៅពេលដែលការឈ្លោះប្រកែកគ្នាបានផ្ទុះឡើង។ គាត់បាននិយាយថា បន្ទាប់មក Martinovic បានត្រឡប់ទៅផ្ទះវិញ យកអាវុធមកវិញ ហើយបានបាញ់ប្រហារនៅម៉ោងប្រហែល ៥ និង៣០នាទី ល្ងាចតែម្តង៕

ប្រែសម្រួលៈ ណៃ តុលា

To Top