ព័ត៌មានអន្តរជាតិ

ជប៉ុន កំពុងព្រួយបារ្ភពីភាពចលាចលនយោបាយនៅកូរ៉េខាងត្បូង និងទំនាក់ទំនងសន្ដិសុខ ៣ផ្លូវ

YAODA

តូក្យូ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានកសាងជាលំដាប់លើកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ពួកគេ ចំពេលមានការកើនឡើងនូវឥទ្ធិពលរបស់ប្រទេសចិន និងការបះបោររបស់កូរ៉េខាងជើង ប៉ុន្តែអនាគតហាក់ដូចជាមិនច្បាស់លាស់ជាមួយនឹងលោក ដូណាល់ ត្រាំ ដែលមិនអាចទាយទុកជាមុនបានក្នុងការវិលត្រឡប់ទៅកាន់សេតវិមានវិញ ហើយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានជាប់គាំងក្នុងវិបត្តិ ដែលគំរាមកំហែងដល់ការដឹកនាំរបស់លោក។

អ្នកជំនាញក្នុងទំនាក់ទំនងអន្តរជាតិព្រមានថា សហរដ្ឋអាមេរិក ទំនងជានឹងដកខ្លួនចេញពីការចូលរួមរបស់ខ្លួនក្នុងកិច្ចការសន្តិសុខអាស៊ីបូព៌ាក្នុងអំឡុងពេលអាណត្តិទីពីររបស់លោក ត្រាំ ដែលចាប់ផ្តើមនៅថ្ងៃទី២០ ខែមករា ដោយបេក្ខជនគណបក្សសាធារណរដ្ឋវ័យ ៧៨ ឆ្នាំរូបនេះរំពឹងថានឹងប្តេជ្ញាចិត្តឡើងវិញចំពោះវេទិកា “America First” របស់លោក និងអ្នកពាក់ព័ន្ធរបស់លោក ក៏ដូចជាការសង្ស័យនៃពហុភាគីនិយម។

ការតម្រឹមគ្នាយ៉ាងជិតស្និទ្ធរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង បម្រើជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងត្រីភាគីដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ប៉ុន្តែទំនាក់ទំនងផ្ទាល់រវាងសម្ព័ន្ធមិត្តអាមេរិកទាំងពីរ អាចប្រឈមនឹងបញ្ហា ប្រសិនបើលោក Yoon ដែលជាអ្នកអភិរក្សនិយមត្រូវបានបណ្តេញចេញតំណែង ហើយមេដឹកនាំឆ្វេងនិយម ដែលមានជំហររឹងរូសលើប្រទេសជប៉ុន ត្រូវបានជ្រើសរើសឱ្យជំនួសលោក។

ក្នុងអំឡុងពេល ៤ ឆ្នាំក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលស្នងតំណែងលោក ត្រាំ ក្នុងឆ្នាំ២០២១ សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តចំពោះពហុភាគីនិយម និងបន្តការរៀបចំ “ខ្នាតតូច” ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដូចជាតាមរយៈទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងជប៉ុន និងកូរ៉េខាងត្បូង ដែលបានពង្រឹង និងក្រុម Triad អាមេរិក-ជប៉ុន-ហ្វីលីពីន និងក្រុម Quad រួមមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី។

ចំពោះភាពជាដៃគូរវាងសហរដ្ឋអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង លោក បៃដិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការបីផ្លូវ ពីការផ្តោតជាចម្បងលើប្រទេសកូរ៉េខាងជើង ដើម្បីដោះស្រាយលើវិស័យផ្សេងៗទៀត ដូចជាសន្តិសុខសេដ្ឋកិច្ច និងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top