បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានណែនាំដល់រដ្ឋាភិបាល និងធនាគារ Sberbank ដែលជាធនាគារដ៏ធំបំផុតរបស់ប្រទេស និងជាអ្នកបង្កើតបច្ចេកវិទ្យា សហការគ្នាជាមួយប្រទេសចិន ដើម្បីអភិវឌ្ឍបញ្ញាសិប្បនិម្មិត AI បន្ថែមទៀត។
សេចក្តីណែនាំដែលបានចេញបន្ទាប់ពីសន្និសីទដែលមានប្រធានបទ AI ក្នុងខែធ្នូដែលវានឹងក្លាយទៅជាភារកិច្ចរបស់នាយករដ្ឋមន្ត្រី Mikhail Mishustin និងនាយកប្រតិបត្តិ Sberbank លោក Herman Gref ជាអ្នកដឹកនាំគំនិតផ្តួចផ្តើមនេះដែល របាយការណ៍វឌ្ឍនភាពត្រូវបានរំពឹងទុកនៅខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។
ភាពជាដៃគូនេះមានគោលបំណងទាញយកជំនាញ AI របស់ប្រទេសចិន ដែលត្រូវបានទទួលស្គាល់ថាជាប្រទេសឈានមុខគេក្នុងពិភពលោកទៅលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាមួយនេះ។
ធនាគារ Sberbank ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការអភិវឌ្ឍន៍ AI នៅក្នុងប្រទេសរុស្ស៊ីបានសម្លឹងមើលទៅប្រទេសចិនថាជាការបំផុសគំនិតដ៏សំខាន់សម្រាប់គម្រោងជាច្រើនរបស់ខ្លួនផងដែរ។
លោក Alexander Vedyakhin ដែលជាអនុប្រធានទីមួយរបស់ធនាគារ ថ្មីៗនេះបានសរសើរដល់របកគំហើញ AI របស់ប្រទេសចិនជាមួយនឹងការបង្កើតមហិច្ឆតាផ្ទាល់ខ្លួនរបស់ Sberbank មួយចំនួនរួចទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី