សេអ៊ូល ៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់មន្ត្រីសាធារណៈក្នុងការប្រឈមមុខនឹងអ្វីដែលលោកបានពិពណ៌នាថាជា “ស្ថានភាពធ្ងន់ធ្ងរ ដែលមិនធ្លាប់មានពីមុនមក” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
លោក Choi បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលពិធីរបស់រដ្ឋាភិបាល ដែលប្រារព្ធថ្ងៃឆ្លងឆ្នាំនេះ ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីលោកបានចូលកាន់តំណែងជាអ្នកដឹកនាំបណ្តោះអាសន្ន។ លោកបាននិយាយដោយសំដៅទៅកូរ៉េខាងត្បូង តាមឈ្មោះផ្លូវការរបស់ខ្លួនថា ទោះបីជាឆ្នាំថ្មី បានចាប់ផ្តើមក៏ដោយ សាធារណរដ្ឋកូរ៉េ កំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ មិនធ្លាប់មានពីមុនមក នៅពេលដែលប្រទេស ប្រឈមមុខនឹងបញ្ហា តួនាទីរបស់មន្ត្រីសាធារណៈ កាន់តែមានសារៈសំខាន់។
ដោយលើកឡើងពីភាពចលាចលនយោបាយក្នុងស្រុកថ្មីៗនេះ លោក Choi បានលើកឡើងថា សាធារណជនកំពុងជួបប្រទះទុក្ខព្រួយ និងការបារម្ភយ៉ាងខ្លាំង។ លោកបានបន្ថែមថា “ដើម្បីធានាថាសាធារណជន មិនព្រួយបារម្ភ និងអាចបន្តជីវិតប្រចាំថ្ងៃរបស់ពួកគេបាន មន្ត្រីសាធារណៈទាំងអស់ត្រូវលះបង់អស់ពីចិត្ត ដើម្បីធ្វើស្ថិរភាពរដ្ឋាភិបាល ឱ្យបានលឿនតាម ដែលអាចធ្វើទៅបាន”។
កាលពីថ្ងៃសុក្រ រដ្ឋសភាកូរ៉េខាងត្បូង ដែលគ្រប់គ្រងដោយគណបក្សប្រឆាំងបានបោះឆ្នោតទម្លាក់ប្រធានាធិបតីស្តីទី និងជានាយករដ្ឋមន្ត្រីលោក Han Duck-soo នៅក្នុងនោះលោកត្រូវបានចោទប្រកាន់ តិចជាងពីរសប្តាហ៍បន្ទាប់ពីលោកបានចូលកាន់តំណែងនៅថ្ងៃទី១៤ ខែធ្នូពីប្រធានាធិបតីលោក Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ ពីបទប្រកាសច្បាប់អាជ្ញាសឹក ៕
ប្រែសម្រួល ឈូក បូរ៉ា