បរទេស៖ រថយន្ត Tesla Cybertruck មួយបានផ្ទុះឆេះនៅខាងក្រៅសណ្ឋាគារ Trump International ក្នុងទីក្រុង Las Vegas កាលពីថ្ងៃពុធ ដោយបង្ខំឱ្យមានការជម្លៀស ចេញពីអគារដ៏ប្រណីតមួយនេះ។ អាជ្ញាធរបាននិយាយថា ការផ្ទុះនេះបានសម្លាប់អ្នកបើករថយន្តអគ្គិសនី ខណៈអ្នកឈរមើលយ៉ាងហោចណាស់ ៧ នាក់បានរងរបួសស្រាល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្ញៀវបានរាយការណ៍ថាបានឮ “សំឡេងផ្ទុះដ៏ធំ” – ប្រហែលជាជាច្រើនដង ដែលបង្កឱ្យមានការជូនដំណឹងអំពី អគ្គីភ័យនៅទូទាំងប៉មដែលមានកម្ពស់ ៦៤ ជាន់នៅលើ Fashion Show Drive ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ជាលើកដំបូងថា មានភ្លើងឆេះរថយន្តនៅព្រឹកព្រលឹមនៅជិតផ្សារទំនើប Fashion Show និងទ្រព្យសម្បត្តិ Trump ។ អ្នកសង្គ្រោះបន្ទាន់បានបិទតំបន់នោះយ៉ាងលឿន។
វីដេអូមួយបានលេចឡើងលើបណ្តាញសង្គម បង្ហាញពីរថយន្តដែលកំពុងឆេះ។ ឃ្លីបមួយនាទីបានថតពីខាងក្នុងបន្ទប់ ទទួលភ្ញៀវសណ្ឋាគារបង្ហាញពីអ្វីដែលទំនងជារថយន្ត Tesla Cybertruck ចតនៅខាងក្រៅច្រកចូលសណ្ឋាគារ។ រថយន្តនេះឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមានផ្សែងពណ៌ប្រផេះយ៉ាងក្រាស់ផុសពីលើ។
អាជ្ញាធរបាននិយាយថា ឧប្បត្តិហេតុនេះកំពុងត្រូវបានស៊ើបអង្កេតថាជាអំពើភេរវកម្ម ឬយ៉ាងណា។ សារព័ត៌មាន ABC បានរាយការណ៍ដោយដកស្រង់ សម្តីមន្ត្រីអនាមិកម្នាក់ដែលបានពន្យល់ សង្ខេបអំពីការស៊ើបអង្កេតនេះថា Cybertruck មាន “កាំភ្លើងត្បាល់បែបកាំជ្រួច” នៅលើ ។ បច្ចុប្បន្នក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមរកឱ្យឃើញថា តើអ្នកបើកបរដែលស្លាប់ពិតជាមានចេតនាបំផ្ទុះ ឬយ៉ាងណា ។
សណ្ឋាគារ Trump International Hotel ជាកម្មសិទ្ធិមួយផ្នែកដោយប្រធានាធិបតី ជាប់ឆ្នោតអាមេរិក Donald Trump ៕
ប្រែសម្រួលៈ ណៃ តុលា