ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល តវ៉ាលើការគៀបសង្កត់នៅតំបន់ហ្គាហ្សា និងគាំទ្រប៉ាឡេស្ទីន

afp

អ៊ីស្តង់ប៊ុល៖ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា កាលពីថ្ងៃពុធនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងធំបំផុតរបស់តួកគី ដើម្បីតវ៉ាលើការគៀបសង្កត់ ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា និងបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយប្រជាជនប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការការពារជនស៊ីវិលជិត ៤០០ ក្រុមបាតុករមកពីផ្នែកផ្សេងៗនៃទីក្រុងនានារបស់ប្រទេសតួកគី បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងជាច្រើននៅថ្ងៃបុណ្យចូលឆ្នាំថ្មី ដើម្បីតវ៉ាលើការគៀបសង្កត់ ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា និងបង្ហាញការគាំទ្រសម្រាប់ប៉ាឡេស្ទីន។

ពួកគេបានដើរដង្ហែទៅកាន់ស្ពាន Galata ដ៏ល្បីល្បាញនៅក្នុងប្រទេសតួកគី ដោយកាន់ទង់ជាតិតួកគី និងប៉ាឡេស្ទីន ព្រមទាំងកាន់បដា និងស្លាកសញ្ញា ដែលមានពាក្យស្លោកដូចជា “បញ្ឈប់ការប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា” “កន្លែងដែលកុមារមិនលូតលាស់ គឺតំបន់ហ្គាហ្សា និងក្រុងយេរូសាឡឹមស្ថិតនៅក្រោមការកាន់កាប់” ជាដើម ។

វិធានការសន្តិសុខតឹងរ៉ឹងត្រូវបានអនុវត្ត សម្រាប់បាតុកម្ម រួមទាំងការបិទផ្លូវ និងការប្រុងប្រយ័ត្នសុវត្ថិភាពយ៉ាងទូលំទូលាយជុំវិញស្ពាន បើទោះជាយ៉ាងណា គេសង្កេតឃើញថា ការតវ៉ាបានធ្វើឡើងដោយមិនមានការប៉ះទង្គិចគ្នាណាមួយឡើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top