ព័ត៌មានអន្តរជាតិ

កាតា ៖ ហេតុការណ៍រត់ជាន់គ្នា នៅថ្ងៃឆ្លងឆ្នាំ បណ្តាលឱ្យ របួសមនុស្សជាច្រើននាក់

RT News

បរទេស៖ មនុស្សរាប់សិបនាក់បានរង របួសនៅក្នុងការរត់ជាន់គ្នាមួយ បន្ទាប់ពីការប្រារព្ធពិធីចូលឆ្នាំសកលនៅក្នុងរដ្ឋធានី ដូហា ប្រទេសកាតា , នេះបើយោងតាមសារព័ត៌មាន Sputnik និង ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានរាយការណ៍ កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីសាក្សី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧបទ្ទវហេតុរត់ជាន់គ្នានេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅស្ថានីយ៍រថភ្លើងក្រោមដី នៅទីក្រុង Lusail ជាយក្រុងដូហា បន្ទាប់ពីការបង្ហាញពីការបាញ់កាំជ្រួច និងការប្រគុំតន្ត្រី បើកចំហជាមួយឌីជេផ្ទាល់ ។ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ គឺមានមនុស្ស បានរងរបួស នៅក្នុងការរត់ជាន់គ្នាមួយ ខណៈដែលពួកគេ បានប្រញាប់ប្រញាល់ ទៅកាន់ស្ថានីយ៍រថភ្លើងនៅជិតមហាវិថី Lusail ដើម្បីជិះរថភ្លើងជើងចុងក្រោយ មុនពេលរថភ្លើងក្រោមដីបិទ សម្រាប់ពេលយប់ ។

ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ត្រូវបានគេរាយការណ៍ថា បានហៅទៅកាន់កន្លែងកើតហេតុ។ វីដេអូដែលបានបង្ហោះនៅលើ X បង្ហាញឱ្យឃើញគ្រូពេទ្យកំពុងព្យាបាល អ្នករបួសនៅក្នុងស្ថានីយ៍រថភ្លើង ក្រោមដីបន្ទាប់ពីការរត់ជាន់គ្នា។

អាជ្ញាធរមូលដ្ឋានមិនទាន់ ធ្វើអត្ថាធិប្បាយ ជុំវិញហេតុការណ៍នេះនៅឡើយទេ ហើយក៏មិនមានព័ត៌មានច្បាស់លាស់ អំពីចំនួនអ្នករងរបួសនោះទេ ។

សូមជម្រាបថា នេះជាលើកទីបីហើយដែល Lusail Boulevard ដែលស្ថិតនៅភាគខាងជើង នៃទីក្រុង ដូហា និងមានចម្ងាយ ១,៣ គីឡូម៉ែត្រ បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ៕

To Top