រ៉ូម៖ យោងតាមទិន្នន័យថ្មីៗ ចេញពីអង្គការសហប្រជាជាតិ (UN) និងប្រភពពីអ៊ីតាលី បានឱ្យដឹងថា ជនភៀសខ្លួនជាង២.០០០នាក់ បានបាត់បង់ជីវិត នៅក្នុងឆ្នាំ២០២៤ ខណៈដែលកំពុងព្យាយាម ធ្វើដំណើរឆ្លងចូល ទៅកាន់ទ្វីបអឺរ៉ុប ។
មូលនិធិកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNICEF) បានឲ្យដឹងកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានជនភៀសខ្លួន និងជនចំណាកស្រុកចំនួន ២.២០០នាក់ត្រូវបានរាយការណ៍មកថា បានស្លាប់ ឬបាត់ខ្លួននៅក្នុងដែនសមុទ្រ មេឌីទែរ៉ាណេកាលពីឆ្នាំមុន ។
អ្នកស្រី Regina De Dominicis ប្រធានការិយាល័យប្រចាំតំបន់របស់អង្គការ UNICEF សម្រាប់ទ្វីបអឺរ៉ុប និងអាស៊ីកណ្តាល បានគូសបញ្ជាក់យ៉ាងដូច្នេះថា ជនរងគ្រោះជាច្រើននាក់ គឺជាយុវជន ។ អ្នកស្រីបានជំរុញឱ្យរដ្ឋាភិបាលផ្តល់អាទិភាពដល់ការការពារកុមារដែលស្វែងរកសុវត្ថិភាពនៅទ្វីបអឺរ៉ុប ។
ទិន្នន័យដែលបានបង្ហាញនៅមុននេះចេញ ពីឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ (UNHCR) បានបង្ហាញពីការស្លាប់ ឬការបាត់ខ្លួនមានចំនួន២.៣៦៨នាក់ នៅតាមផ្លូវទឹកនៃសមុទ្រមេឌីទែរ៉ាណេ និងអាហ្រ្វិកភាគពាយ័ព្យនៅក្នុងឆ្នាំ២០២៤ ។
ឧត្តមស្នងការខាងលើបានរាយការណ៍ពីការមកដល់ចំនួន១៩៣.៤៤៨នាក់នៅទ្វីបអឺរ៉ុបគិតត្រឹមថ្ងៃទី២៩ ខែធ្នូ ដោយប្រទេសអ៊ីតាលី បានក្លាយជាចំណុច ចុះចតចម្បងសម្រាប់ជនភៀសខ្លួន និងជនចំណាកស្រុក ហើយប្រទេសក្រិច និងអេស្បាញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា