សេអ៊ូល ៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងមួយក្រុម ជាមួយអង្គភាពស៊ើបអង្កេតប្រឆាំង អំពើពុករលួយនៅថ្ងៃសុក្រនេះ បានចាកចេញពីលំនៅដ្ឋានប្រធានាធិបតី បន្ទាប់ពីបរាជ័យក្នុងការចាប់ខ្លួន ប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់លោក Yoon Suk-yeol។
នៅព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកស៊ើប អង្កេតកូរ៉េខាងត្បូង បានព្យាយាមអនុវត្តដីកា ដើម្បីឃុំខ្លួនប្រធានាធិបតីលោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក រយៈពេលខ្លីរបស់លោក ប៉ុន្តែនៅតែមិនអាចចូលទៅក្នុងលំនៅដ្ឋាន របស់លោក ក្នុងការប្រឈមមុខនឹងសេវាសន្តិសុខប្រធានាធិបតី។
ក្រុមស៊ើបអង្កេតរួមគ្នាជាមួយ ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់បានមកដល់គេហដ្ឋានរបស់លោក Yoon នៅព្រឹកព្រលឹម ដើម្បីអនុវត្តដីកានេះ។
ដីកាឃុំខ្លួន ដែលមានសុពលភាព រហូតដល់ថ្ងៃច័ន្ទត្រូវបានចេញ បន្ទាប់ពីលោក Yoon មិនអើពើនឹងការកោះហៅចំនួនបី ពីក្រុមអ្នកស៊ើបអង្កេតលើការ ចោទប្រកាន់ពីបទបះបោរជុំវិញ ការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី០៣ ខែធ្នូ ដែលនាំទៅដល់ការអនុម័តសំណើ ចោទប្រកាន់លោក Yoon នៅថ្ងៃទី១៤ ខែធ្នូ។
ក្រុមការពាររបស់លោក Yoon បានអះអាងថា ដីកានេះ គឺខុសច្បាប់ ដោយអះអាងថា ការិយាល័យស៊ើបអង្កេត មិនត្រូវបានអនុញ្ញាតឱ្យស៊ើបអង្កេតការបះបោរនោះទេ។
ក្រុមមេធាវីការពារក្តីបាននិយាយនៅក្នុងសារ មួយផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃសុក្រនេះថា “វិធានការផ្លូវច្បាប់នឹងត្រូវបានចាត់វិធានការ ទាក់ទងនឹងកាលៈទេសៈខុសច្បាប់នៃដំណើរការ ប្រតិបត្តិនៃដីកាខុសច្បាប់”៕