ភ្នំពេញ ៖ រចនាសម្ពន្ធ នៃបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានអាយុកាលជិត១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរាជួសជុល អស់រយៈពេល៥ខែមក។
បើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា កាលពីមុនពេលជួសជុល បណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូង ឆៀងខាងកើតបានពុក និងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំងរបស់បណ្ណាល័យក៏ហែកចេញ ពីគ្នាខុសពីសភាពដើម ព្រមទាំងធ្វើឱ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង។
លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋាន ជួសជុលបណ្ណាល័យខាងត្បូងឱ្យដឹងថា «បច្ចុប្បន្ននេះបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តបានជួសជុលពង្រឹងរចនាសម្ពន្ធដូចជា សសរនៅផ្នែកខាងត្បូងឆៀងខាងកើត ជញ្ជាំង កម្រាល និងគ្រឹះរួចរាល់ហើយ។ ក្រុមអ្នកជំនាញបានចាប់ផ្ដើមជួសជុលតាំងពីដើមខែកក្កដាឆ្នាំ២០២៤ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះ បានទទួលជោគជ័យនិងបញ្ចប់ជាស្ថាពរ» ។
លោក ឃាម មុនី បញ្ជាក់ទៀតថា ក្រុមការងារដែលជួសជុលបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តនេះ គឺអនុវត្តទៅតាមអនុសាសន៍ គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលបានចុះពិនិត្យ យ៉ាងត្រឹមត្រូវ។ ការជួសជុលបានដាក់ថ្មថ្មីមួយចំនួន ដើម្បីទ្រទ្រង់រចនាសម្ពន្ធរបស់បណ្ណាល័យទាំងមូល ។ ចំណែកកម្រាល ក៏បានបន្ថែមថ្មថ្មីខ្លះៗ សម្រាប់ការពារកុំឱ្យ ងាកក្រៀកបន្តទៅទៀត។
ចំពោះសសរចាស់មួយចំនួន នៅផ្នែកខាងកើត ក៏បានពង្រឹងបន្ថែមបំណែកថ្ម នៅតាមកន្លែងដែលពុកផុយប្រហែល១ភាគ៤ ចំណែកសសរនៅផ្នែកខាងក្នុងដោយសារតែថ្មមានសភាពពុកផុយ ក៏បានដូរថ្មថ្មីពាក់កណ្ដាល ដើម្បីឱ្យជួយពង្រឹងរចនាសម្ពន្ធដំបូល ជញ្ជាំង និង កម្រាលដែលបានហែកចេញពីគ្នា។
កាលពីអំឡុងខែធ្នូកន្លងមក គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលបានចុះពិនិត្យការដ្ឋានជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត ក៏បានកោតសរសើរដល់ក្រុមអ្នកជំនាញ របស់អាជ្ញាធរជាតិអប្សរា ដែលបានអនុវត្តការជួសជុលទៅតាមក្បួនត្រឹមត្រូវ ដែលធ្វើឱ្យបណ្ណាល័យនេះ មានភាពរឹងមាំនិងមានសុវត្ថិភាព ដល់ភ្ញៀវទេសចរគ្រប់រូប ដែលតែងតែចេញ -ចូលទៅទស្សនា៕